(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ «វិធាននិងបទប្បញ្ញត្តិ ស្ដីពី លទ្ធកម្មសាធារណៈ» ជូនដល់មន្រ្តីរាជការចំនួន ២១៤នាក់ នៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជធានី-ខេត្តចំនួន១២ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្ម ចំណេះដឹង និងជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងឆ្នាំ ២០១៧នេះ មានក្រសួងស្ថាប័ន ចំនួន៣៦រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ត្រូវអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ២០១៨ ខាងមុខ ក្រសួងស្ថាប័នដែលត្រូវចូលរួមអនុវត្ត ថវិកាកម្មវិធីពេញលេញសាកល្បង នឹងកើនដល់៣៩ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍នៃការអនុវត្តក្នុងឆ្នាំ ២០១៥ និង ២០១៦ កន្លងទៅបញ្ជាក់ថា មានអង្គភាពថវិកា នៃក្រសួងស្ថាប័នមួយចំនួន បានជួបបញ្ហាប្រឈមពាក់ព័ន្ធ នឹងការអនុវត្តវិធាន បទប្បញ្ញតិ្ត និង នីតិវិធីស្តីពីលទ្ធកម្មសាធារណៈ ដែលជាបច្ច័យធ្វើឲ្យរអាក់រអួល និងយឺតយ៉ាវដល់ ការអនុវត្តគោលនយោបាយកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពរបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាល និងកសាងសមត្ថភាព ជូនមន្រ្តីរាជការលើជំនាញពាក់ព័ន្ធ នឹងការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា គឺជាការចាំបាច់និង មានការកើនឡើងជាលំដាប់ ហើយក្នុងនោះ វិធាននិងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលមន្រ្តីរាជការនៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្ម នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឲ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព។
ក្នុងស្មារតីនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះបណ្តាលចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើងជូនមន្រ្តីរាជការនៃក្រសួងស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន៣៥៣០ នាក់។ ហើយនៅដើមឆ្នាំ ២០១៧នេះ មានវគ្គបណ្តុះបណ្តាលចំនួន ១១ វគ្គ រួចមកហើយ ត្រូវបាន ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។
ទន្ទឹមនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតលើ «វិធាន និងបទប្បញ្ញត្តិស្តីពី លទ្ធកម្មសាធារណៈ» នៅពេលនេះ មានសារសំខាន់និង ត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់មន្រ្តីក្រុមលទ្ធកម្ម សម្រាប់តម្រង់ទិសការអនុវត្តកិច្ចលទ្ធកម្ម
របស់ខ្លួន ឲ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតាមតម្រូវការ នៅតាមអង្គភាពរៀងៗខ្លួន ព្រោះការគ្រប់គ្រង កិច្ចលទ្ធកម្មសាធារណៈគឺជាឧបករណ៍ ដ៏សំខាន់ និង មិនអាចខ្វះបាន សម្រាប់ធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ៕