(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលសួរសុខទុក្ខសមាជិក​ សមាជិកា​ នៃមហាគ្រួសារគណបក្សប្រជាជន ​ជាង៣,០០០នាក់ មកពីឃុំសូភី​ ឃុំសឹង្ហ ឃុំចង្ហារ​ ​ក្នុងស្រុកអូរជ្រៅ​។

​នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច​ពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ទាំងអស់ទោះនៅទីណាក៏ដោយ​​។

យ៉ាងណាមិញ លោកបានថ្លែងអំណរគុណ​ដល់ប្រជាពលរដ្ឋ​ យុវជន​ និងនិស្សិត ​នៅខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ទាំងការបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាពិសេសបានចូលរួមថែរក្សាសន្តិសុខ​ សណ្តាប់សាធារណ​: និងសមិទ្ធិផល​នានា ដែលកើតពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ តែមួយគត់​ គ្មានបាតដៃគណបក្សប្រឆាំងទេ​​។

​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាន​សង្កត់ធ្ងន់ថា ​«គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន​យើងទាំងអស់គ្នា​ បោះឆ្នោតជូនគណបក្សប្រជាជន គឺស្មើនឹងបោះឆ្នោតឲ្យខ្លួនយើង​ ជឿជាក់លើខ្លួនយើង​ និងបានចូលរួមជាមួយប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែលបានឃើញច្បាស់អំពីការឯកភាពជាតិ​ សន្តិភាព​ សន្តិសុខ​ ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ​ រួមមានសាលារៀន​ មកនៅកាន់តែជិតផ្ទះ​ វត្តអារាម ផ្លូវថ្នល់ ស្ពានតូចធំខ្វាត់ខ្វែង កាន់តែល្អប្រសើរ និងងាយស្រួល ក្នុងការធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយទៀត ប្រកបដោយផាសុខភាព​ សុវត្ថិភាព​មិនមានការព្រួយបារម្ភ​ ជាពិសេសគឺបានសម្រួលដល់ការ ប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋឲ្យមានជីវភាពរស់នៅ កាន់តែប្រសើរឡើង»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ កុំជឿលើពួកអគតិគណបក្សផ្សេង ​មកឃោសនាបោកប្រាស់​នាំឲ្យមានភាពចលាចល អសន្តិសុខ​ ទន្ទឹមនឹងនេះ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោតអញ្ជើញ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នានៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​​ខាងមុខ ​ដើម្បីរួមដំណើរជាមួយគ្នាឆ្ពោះទៅធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ឃុំ-សង្កាត់បន្តកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ​ មណ្ឌលសុខភាព វត្តអារាម​ ប្រព័ន្ធ ទឹក ភ្លើង ប្រពន្ធ័ធារាសាស្រ្ត​ និងហេដ្ឋារចនាសម្ព័ន្ធសង្គម​ថែមទៀត៕