(កណ្ដាល)៖ លោកស្រី ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី២៩ឧសភានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈពង្រឹងស្រុក ជាមួយគណបក្សស្រុក ដើម្បីពិនិត្យលទ្ធផលការងារយុទ្ធនា​ការឃោសនាបោះឆ្នោតឃុំ និងពិភាក្សាទិសដៅការងារបន្ត ពិសេសការរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២មិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោកស្រី ថ្លែងថា «ចំពោះការហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវចាត់តាំងរៀបចំឲ្យបានត្រឹមត្រូវ ប្រកបដោយវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ ពិសេសបន្តចុះជួបសមាជិកបក្សតាមខ្នងផ្ទះ ចែកផ្សាយគោលនយោបាយបក្ស បង្រៀនគូសសន្លឹកឆ្នោត និងប្រាប់លេខរៀងរបស់គណបក្ស រួមសុខទុក្ខជាមួយសមាជិកយើង»

លោកស្រី ក៏បានណែនាំសមាជិកបក្សឲ្យថែរក្សាអត្តសញ្ញាណប័ណ្ណ ដឹងពីលេខការិយាល័យបោះឆ្នោត និងមណ្ឌលបោះឆ្នោត ដើម្បីងាយស្រួលនៅថ្ងៃបោះឆ្នោត។ លើសពីនេះ បន្តក្តាប់សតិអារម្មណ៍ របស់ប្រជាជន និងសមាជិកបក្ស ហើយត្រូវវាយបកព័ត៌មានឲ្យបានរហ័សបំផុត ចំពោះការឃោសនាបោកប្រាស់របស់ ក្រុមអគតិ។

ក្នុងឱកាសនោះលោកស្រី ឃួន សុដារី បានថ្លែងការកោតសរសើរ និងអរគុណដល់ ក្រុមការងារគណៈពង្រឹងស្រុក ឃុំ និងមន្ត្រីគណបក្សស្រុក ដែលបានខិតខំបំពេញភារកិច្ចជូនបក្ស ប្រកបដោយស្មារតីលះបង់ខ្ពស់ និងមិនខ្លាចនឿយហត់ ដើម្បីផ្ដល់ព័ត៌មានពិតៗជូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើស ឃុំ-សង្កាត់ ដែលដឹងសុខទុក្ខពួកគាត់ពិតប្រាកដ មិនមែនបានតែសន្យា ហើយមិនធ្វើ និងមិនជួយអភិវឌ្ឍន៍ប្រទេសនោះទេ៕