(កំពត)៖ ​អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក វ៉ាន សំអឿន បានថ្លែងប្រាប់ប្រជាពលរដ្ឋទូទៅ និងបក្ខជនក្រុមប្រឹក្សាឃុំបក្សសង្រ្គោះជាតិថា មូលហេតុដែលរូបលោកបានលាឈប់ ពីអ្នកតំណាងរាស្រ្តបក្សសង្រោះជាតិនោះ ដោយសារតែលោកអស់ជំនឿនឹងថ្នាក់ដឹកនាំបក្សមួយនេះ ហើយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពុំមានសមត្ថភាពដឹកនាំប្រទេសជាតិទេ គេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ​

ថ្លែងយ៉ាងដូច្នេះធ្វើឡើង ខណៈដែល លោក វ៉ាន សំអឿន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនិយម ដែលធ្លាប់ជឿជាក់លើគណបក្សប្រឆាំងហើយពួកគាត់ ស្ម័គ្រចិត្តបោះឆ្នោតឲ្យគណបក្សប្រជាជន សរុបប្រមាណជាង១០០គ្រួសារ នៅឃុំដងទង់ ស្រុកដងទង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

លោក វ៉ាន សំអឿន បានលើកឡើងថា បក្សសង្រ្គោះជាតិបានសន្យាជាមួយប្រជាជនច្រើនណាស់ ប៉ុន្តែពុំដែលបានធ្វើឡើយបក្សនយោបាយខ្លះបាន សន្យាបោកប្រាស់ប្រជាជនថា បើឈ្នះឆ្នោតគេនឹងលុបបំណុលដែលប្រជាពលរដ្ឋ​ កម្ចីគ្រឹស្ថានមីក្រូហិរញ្ញាវត្ថុពេលបងប្អូនខ្ចីពី គ្រឹស្ថានមីក្រូហិរញ្ញុវត្ថុ គឺតម្រូវឲ្យបងប្អូនយកប្លង់ដី ឬប្លង់ផ្ទះទៅតំកល់ ហើយបើសិនជាគេលុបបំណុលមែន ប្លង់ផ្ទះ ឬប្លង់ដីដែលមានតម្លៃលើសប្រាក់កម្ចីនឹងត្រូវបាត់បង់។

ទីប្រឹក្សាសម្ដេចតេជោ ​បញ្ជាក់ដែរថា ​នៅឃុំដងទង់ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ ហើយមានរូបទេវតាបាចផ្កាជា​សញ្ញា និងអំពាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាព សេរីភាព និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកថា មានតែសម្តេចតេជោទេ ដែលគិតពីផលប្រយោជន៍ជាតិហ៊ានប្តូរជីវិតដើម្បី ស្វែងរក សន្តិភាពជូនប្រជាជនកម្ពុជាឲ្យរស់នៅសុខសាន្ត មិនភ័យខ្លាច ឬរងទុក្ខដូចសម័យសង្រ្គាម កាលពីអតីតកាលឡើយ៕