(សៀមរាប)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានបន្តឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ ដែលបង្កភាពរញ៉ែរញ៉ៃក្នុងសង្គម ដើម្បីយកមកអប់រំ និងខ្លះមានសារធាតុញៀនជាប់ខ្លួនត្រូវចាត់វិធានការតាមច្បាប់។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះថា នៅយប់មិញម៉ោងប្រហែល០៣៖៣០នាទីទាបភ្លឺ កម្លាំងអន្តរាគមន៍បាននាំមនុស្សចំនួន០៤នាក់ មកឲ្យការិយាលយ័ជំនាញព្រហ្មទណ្ឌកំរិតស្រាល ក្នុងនោះទី១៖ ឈ្មោះ​ អៀង វណ្ណឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មុខរបរសន្តិសុខ​, ​​ទី២៖ឈ្មោះ ជា សេង ភេទប្រុស អាយុ២៤ឆ្នាំ ទី៣៖ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ និងទី៤៖ ឈ្មោះ សៀង ឧស្សាហ៍ ហៅអាជ្រូក ភេទប្រុស អាយុ៣៥ឆ្នាំ។

បើតាមលោកស្នងការ ចំពោះជនសង្ស័យទាំង៤នាក់នេះ មានមា្នក់រកឃើញមានផ្ទុកសារធាតុញៀនជាប់ខ្លួន ហើយបានបញ្ជូនទៅជំនាញប្រឆាំងគ្រឿងញៀន និង៣នាក់ទៀត បានធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕