(ភ្នំពេញ)៖ ក្រុមហ៊ុន Smart ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា នៅថ្ងៃទី២៤ឧសភានេះ បានប្រកាសការចាប់ផ្តើមភាពជាដៃគូជាមួយស្ថាប័ន Earth Networks ដែលជាស្ថាប័នលំដាប់សាកលក្នុង​ការព្យាករណ៍និងរាយការណ៍អាកាសធាតុ ដើម្បីពាំនាំសេវាផ្តល់ព័ត៌មានអាកាសធាតុថ្មីមួយ ហៅថា «Smart Weather» ដែលជាសេវាកម្មផ្តល់ព័ត៌មានអាកាសធាតុតាមប្រព័ន្ធឌីជីថលដំបូងគេនៅកម្ពុជា ។

លោក ថូម៉ាស ហ៊ុន  អគ្គនាយកក្រុមហ៊ុន Smart បានសម្តែងក្តីរំភើបរីករាយចំពោះការចាប់ដៃគូជាមួយនឹងស្ថាប័ន Earth Networks ដ៏ល្បីឈ្មោះ ដើម្បីផ្តល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា នូវសេវាផ្តល់ព័ត៌មានអាកាសធាតុទំនើបបំផុត ហើយនៅពេលដែល បាតុភូតអាកាសធាតុកាន់តែកាចសាហាវទៅៗ ដោយសារតែបម្រែបម្រួលអាកាសធាតុ និងកត្តាផ្សេងទៀត ការផ្តល់ព័ត៌មានអំពីអាកាសធាតុបានត្រឹមត្រូវ និងទាន់ពេលវេលា ដែលនឹងផ្តល់ជូនដោយសេវា Smart Weather ពិតជាមានសារៈសំខាន់មិនអាចមើលរំលងបាន ដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិ» ។

លោកបានបន្ថែមទៀតថា «យើងជឿថា សេវាបន្ថែមថ្មីនេះ ដែលនាំមកជូនដោយក្រុមហ៊ុន Smart និងស្ថាប័ន Earth Networks នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើង តាមរយៈការផ្តល់ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងអាកាសធាតុ នៅគ្រប់ទីកន្លែង និងគ្រប់ពេល ក៏ដូចជាការផ្តល់នូវការជូនដំណឹងក្នុងករណីមានអាកាសធាតុកាចសាហាវណាមួយ ដែលនឹងខិតចូលមកដល់»។

លោក Jim Anderson អគ្គនាយករងជាន់ខ្ពស់ផ្នែកលក់សាកលនៃស្ថាប័ន Earth Networks យល់ស្រប ទៅនឹងការលើកឡើងរបស់លោក ថូម៉ាស ហ៊ុន ហើយលោកបានថ្លែងថា «ខ្ញុំសូមអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Smart ដែលបានផ្តួចផ្តើមកិច្ចសហការនេះឡើង ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបណ្តាញទូរស័ព្ទចល័តដ៏ទំនើបរបស់ក្រុមហ៊ុន Smart និងសមត្ថភាពឥតគូប្រៀបរបស់ស្ថាប័ន Earth Networks ក្នុងការតាមដានព័ត៌មានអាកាសធាតុ និងរន្ទះបានទាន់ហេតុការណ៍ គឺពិតជាការច្នៃប្រឌិតថ្មីមួយសម្រាប់ប្រទេសកម្ពុជា ។ សេវាដែលមានមុខងារពេញលេញនេះ នឹងអនុញ្ញាតឲ្យស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន និងអតិថិជន Smart ទទួលបានព័ត៌មាន និងការព្យាករណ៍អាកាសធាតុ ប្រកបដោយសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងតម្លៃសមរម្យមួយ»។

លោក រស់ សុវណ្ណ អគ្គលេខាធិការរងនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងផងដែរថា «ការព្យាករណ៍អាកាសធាតុប្រកបដោយសុក្រិតភាព មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្ស និងការពារទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែក៏អាចជួយបងប្អូនកសិករ និងអ្នកបំពេញការងារនៅខាងក្រៅ អាចត្រៀមខ្លួនបានល្អជាងមុន ។ ហេតុនេះហើយ ទើបខ្ញុំមានក្តីរីករាយជាពន់ពេក ដែលក្រុមហ៊ុន Smart បានសម្ពោធសេវាផ្តល់ព័ត៌មានអាកាសធាតុនេះ នៅកម្ពុជា ហើយខ្ញុំជឿថា មនុស្សជាច្រើននឹងប្រើបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុក្នុងជីវិតរបស់ពួកគេ» ។

សេវា Smart Weather ត្រូវបានរៀបចំឡើង សម្រាប់អ្នកប្រើប្រាស់ជាបុគ្គល និងជាសា្ថប័ននានាជាពិសេស ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនកសិកម្ម ក្រុមហ៊ុនទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល និងអង្គការនានា ។ ដោយយល់ដឹងពីសារៈសំខាន់នៃការទទួលបានព័ត៌មានអាកាសធាតុទាន់ពេលវេលា Smart Weather អាចផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់សេវានេះតាមទូរស័ព្ទចល័ត ទោះបីជាគាត់មិនមានការតភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណិត ឬប្រើទូរស័ព្ទស្មាតហ្វូនក៏ដោយ ។ គាំទ្រដោយបច្ចេកវិទ្យារបស់ស្ថាប័ន Earth Networks សេវា Smart Weather អាចជូនដំណឹងអ្នកប្រើប្រាស់ភ្លាមៗអំពីភ្លៀង ព្យុះ រន្ទះ ក៏ដូចជាផ្តល់ការព្យាករអាកាសធាតុប្រកបដោយសុក្រិតភាពខ្ពស់សម្រាប់រយៈពេល ១៥ថ្ងៃបន្ទាប់ តាមរយៈសារជាអក្សរ និងសារជាសម្លេងផងដែរនាពេលអនាគត ។

ដោយចំណាយត្រឹមតែ ១៥សេនក្នុងមួយខែ អតិថិជនដែលចុះឈ្មោះប្រើសេវានេះតាមទូរស័ព្ទដៃ នឹងទទួលបានសារជាអក្សរជារៀងរាល់ព្រឹក ដែលនឹងផ្តល់ការព្យាករណ៍អាកាសធាតុ សម្រាប់រយៈពេល១០ថ្ងៃបន្ទាប់ ។ អតិថិជនដែលប្រើសេវានេះតាមទូរស័ព្ទដៃ ក៏នឹងទទួលបានសារជូនដំណឹងជាអក្សរ រយៈពេល២ម៉ោងមុន ក្នុងករណីមានព្យុះ ឬភ្លៀងធំនៅតំបន់របស់គាត់ ។ អ្នកប្រើប្រាស់ ក៏អាចចុច *559# ឬហៅទូរស័ព្ទទៅលេខ 559 ដើម្បីទទួលបានការរាយការណ៍អំពីស្ថានភាពអាកាសធាតុភ្លាមៗផងដែរ។

Smart Weather ក៏នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី SmartNas ដែលនឹងផ្តល់ជូនអតិថិជនដែលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននូវការព្យាករណ៍អាកាសធាតុដែលបំពាក់ដោយរូបភាពផងដែរ។
សម្រាប់អតិថិជនជាលក្ខណៈស្ថាប័ន រួមមាន ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ជាដើម សេវានេះអាចផ្តល់ព័ត៌មានលម្អិតច្រើនអំពីស្ថានភាពអាកាសធាតុជូនពួកគាត់ ។ ដោយចូលទៅក្នុងគេហទំព័រលើអ៊ីនធឺណិត ពួកគាត់អាចពិនិត្យមើលទិន្នន័យសំបូរបែប អំពីស្ថានភាពអាកាសធាតុបច្ចុប្បន្ន និងនៅពេលអនាគត ដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការសម្រេចចិត្តត្រឹមត្រូវគ្រប់ពេលវេលា ។

ជាមួយនឹងស្ថានីយ៍តាមដានអាកាសធាតុជាង១ម៉ឺនកន្លែង និងសេនស័រតាមដានរន្ទះជាង១៥០០ ដែលបានដំឡើងនៅទូទាំងពិភពលោក និងតំបន់អាស៊ី សេវា Smart Weather ដែលគាំទ្រដោយបច្ចេកវិទ្យាតាមដានអាកាសធាតុរបស់ស្ថាប័ន Earth Networks អនុញ្ញាតឲ្យក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងអ្នកប្រើប្រាស់ទូទៅ ទទួលបានព័ត៌មានអាកាសធាតុទាន់ពេលវេលា សម្រាប់ទីតាំងភូមិសាស្រ្តរបស់គាត់ ឬទីតាំងផ្សេងទៀតនៅទូទាំងពិភពលោក៕

ស្វែងយល់បន្ថែមអំពីស្ថាប័ន Earth Networks នៅគេហទំព័រ www.earthnetworks.com  ហើយសម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រ Facebook របស់ Smart www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។