(ភ្នំពេញ)៖ ប្រហែលមួយឆ្នាំមុន នៅពេលរថយន្ត Rolls-Royce បានបង្ហាញឲ្យពិភពលោកបានឃើញនូវរថយន្ត 103EX បាននាំឲ្យគេនឹកដល់មរតកនៃការកសាងនាវា ដែលជាការបំផុសគំនិតសម្រាប់អតិថិជនរបស់ខ្លួននាពេលអនាគត រថយន្តបែបចក្ខុនិមិត្តនេះ នឹកស្រមៃដល់ពិភពនៃការធ្វើដំណើរមានលក្ខណៈប្រណីតទាំងស្រុង ដែលក្នុងនោះបច្ចេកវិទ្យាថ្មីៗនឹងអនុញ្ញាតឲ្យគ្រប់រថយន្ត Rolls-Royce ទាំងអស់អាចរចនាឡើងទៅតាមការគិតឃើញរបស់ម្ចាស់រថយន្ត ពោលគឺទៅតាមការប៉ងប្រាថ្នារបស់ពួកគេ ។
រថយន្ត Rolls-Royce បែបនេះ នឹងបង្ហាញឲ្យឃើញនូវអត្ថន័យពិតប្រាកដបំផុតនៃពាក្យថា ប្រណីត ពោលគឺរថយន្តបែប Bespoke ដែលផលិតទៅតាមបុគ្គលនានា ហើយខុសប្លែកពីរថយន្តផ្សេងទៀត សម្រាប់អតិថិជនដែលកុម្ម៉ង់រថយន្តនីមួយៗ ។ បើទោះបីជាដូច្នេះក្តី គោលគំនិតនៃការផលិតរថយន្ត Rolls-Royce ផ្អែកតាមគំនិតនៃការកសាងនាវានាសម័យទំនើប នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់អតិថិជនរបស់រថយន្ត Rolls-Royce ។
បុគ្គលម្នាក់នេះ បានមកជួបជាមួយនឹងក្រុមហ៊ុន ជាមួយនឹងគំនិតផ្ទាល់ខ្លួន ដែលចង់បានរថយន្ត Rolls-Royce កៅអីពីរ ដែលត្រូវផលិតក្នុងពេលនេះ ដែលរថយន្តនេះផលិតរួចហើយពេលនេះ ហើយត្រូវបានដាក់ឈ្មោះថា «Sweptail» ។ ដោយយកគំរូតាមរថយន្ត Rolls-Royce មួយចំនួននាទសវត្សរ៍ ១៩២០ដែលទទួលបានការកោតសរសើរខ្លាំងពី អតិថិជនរូបនោះ គាត់ក៏បានស្នើសុំឲ្យក្រុមហ៊ុនរថយន្ត Rolls-Royce ឲ្យនឹកស្រមៃដល់រូបរាងនេះឡើងវិញ សម្រាប់រថយន្តរបស់គាត់ដែលមានផលិតតែមួយគ្រឿងប៉ុណ្ណោះ ។
ក្នុងពិធីបង្ហាញរថយន្តនេះដល់អ្នកសារព័ត៌មាននៅឯ Concorso d’Eleganza នៅក្រុង Villa d’Este កាលពីចុងសប្ដាហ៍ ខែឧសភា ឆ្នាំនេះ លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce មានប្រសាសន៍ថា៖ « រថយន្ត Sweptail គឺជារថយន្តដ៏អស្ចារ្យ ដែលបង្កើតនូវមន្តស្នេហ៍ នៃការធ្វើដំណើរ ហើយធ្វើឲ្យរថយន្ត Sweptail ស្ថិតក្នុងបញ្ជីនៃរថយន្តដ៏អស្ចារ្យរបស់ពិភពលោក ។ ប្រវត្តិរបស់រថយន្ត Rolls-Royce ក្នុងនាមជាអ្នកកសាងនាវាកម្សាន្តឈានមុខគេរបស់ពិភពលោក គឺជាស្នូលនៃអត្តសញ្ញាណរបស់ម៉ាកយីហោរថយន្តប្រណីតឈានមុខគេរបស់ពិភពលោក។
លោក Torsten Müller-Ötvös ការបង្ហាញខ្លួននូវរថយន្ត 103EX បានបំភ្លឺផ្លូវទៅអនាគតរបស់រថយន្ត Rolls-Royce ហើយរថយន្ត «Sweptail» នាថ្ងៃនេះ គឺជាតឹកតាងបង្ហាញថា រថយន្ត Rolls-Royce នៅតែឈរក្នុងលំដាប់កំពូលនៃការផលិតដោយដៃ ប្រៀបបាននឹងការកសាងនាវា យើងស្ដាប់យោបល់អតិថិជនពិសេសបំផុតរបស់យើងយ៉ាងយកចិត្តទុកដាក់ ហើយវាយតម្លៃលើចំណាប់អារម្មណ៍របស់ពួកគាត់ ក្នុងការវិនិយោគលើផលិតផលឯកផលិតដោយដៃទាំងស្រុងបែបនេះ ។
លោក Giles Taylor នាយកផ្នែករចនាម៉ូតរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ថ្លែងថា៖ «រថយន្ត Sweptail គឺជារថយន្តដែលប្រៀបបាននឹងសម្លៀកបំពាក់ប្រណីត នេះជារថយន្ត Rolls-Royce ដែលត្រូវបានរចនា និងបង្កើតដោយដៃ ដើម្បីតម្រូវទៅតាមការចង់បានរបស់អតិថិជនម្នាក់ ។ អតិថិជនរូបនេះ បានមកកាន់រោងចក្ររថយន្ត Rolls-Royce ជាមួយនឹងគំនិតមួយ ដែលគាត់យកមកចែករំលែកក្នុងដំណើរការប្រកបដោយភាពច្នៃប្រឌិត ហើយយើងបានផ្ដល់យោបល់ដល់គាត់ប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ដល់រូបគាត់ ហើយបន្ទាប់មកយើងបានដេរខោអាវនោះដល់គាត់ ។ អ្នកអាចនិយាយបានថា យើងបានកាត់កំណាត់សម្រាប់សម្លៀកបំពាក់ ដែលគេអាចវាយតម្លៃលើរូបគាត់ពេលគាត់ស្លៀកពាក់” ។
លោកបន្ដថា ដោយនឹកដល់រថយន្ត Rolls-Royce ស្អាតៗ ដែលបង្កើតដោយដៃកាលពីទសវត្សរ៍ ១៩២០ និង១៩៣០ ក្តីប្រាថ្នារបស់អតិថិជនរូបនេះ គឺចង់បានរថយន្តកៅអីពីរដែលបង្កើតដោយដៃ ដែលមានបំពាក់ដំបូលកញ្ចក់ដ៏ធំមួយផ្ទាំង ។ ក្នុងនាមជាអតិថិជនគាំទ្ររថយន្ត Rolls-Royce គាត់បានចាប់ចិត្តនឹងរថយន្តជាច្រើនពីម៉ាកយីហោនេះតាំងពីយុគមាសរបស់ក្រុមហ៊ុននៅដើមសតវត្សទី ២០មកម្ល៉េះ ហើយក៏បានចាប់ចិត្តនឹងនាវាកម្សាន្តបែបបុរាណ និងសម័យទំនើបជាច្រើនផងដែរ ៕