(បាត់ដំបង)៖ នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងអស់រយៈពេល ០៤ថ្ងៃ នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តបាត់ដំបង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងបំផុសឲ្យប្រជាពលរដ្ឋកម្ពុជា ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស។
«ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនាពេលនេះ គឺជាយុទ្ធសាស្រ្តជំរុញការនាំចេញនៅនឹងកន្លែង ប្រកបដោយប្រសិទ្ធភាព ហើយក្រសួងពាណិជ្ជកម្មនឹងនៅតែបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត ជូនបងប្អូនផលិតករ និងពាណិជ្ជករយើង ក្នុងការធ្វើពិពិធកម្មការនាំចេញផលិតផលឲ្យបានអតិបរិមា ដើម្បីនាំមកនូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រទេសជាតិ។» លោក ប៉ាន សូរស័ក្តិ គូសបញ្ជាក់។
«តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាផលិតផលខ្មែរនឹងបន្តបង្ហាញវត្តមានកាន់តែច្រើន នៅលើទីផ្សារនានា ជាពិសេសផ្សារទំនើបធំៗនៅក្នុងប្រទេស និងផ្សារអន្តរជាតិនៅតាមប្រទេសផ្សេងៗ» លោករដ្ឋមន្ត្រី បានបន្ថែម។
សូមបញ្ជាក់ថា រយៈពេល ០៤ថ្ងៃ (២៥-២៨ ឧសភា) ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ទទួលបានការចូលរួមពីសហគ្រាសធុនតូច-ធុនមធ្យម មកពីគ្រប់រាជធានី-ខេត្តចំនួន ១២០ស្តង់ និងបានទាក់ទាញវត្តមានចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងខេត្តបាត់ដំបង។
ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការ នឹងរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅលើទឹកដីខេត្តស្វាយរៀងនាខែមិថុនា, នៅរាជធានីភ្នំពេញ នាខែតុលា និងនៅខេត្តកែប នាខែធ្នូ បន្តទៀត ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរឲ្យងាកមកគាំទ្រផលិតផលខ្មែរឲ្យបានកាន់តែច្រើន៕