(ពោធិ៍សាត់)៖ ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ដែលបើករថយន្តបុកក្មេងប្រុសអាយុ៦ឆ្នាំ ហើយបើកគេចខ្លួន មិនឈប់ទទួលខុសត្រូវនោះ ត្រូវបាននគរបាលស្រុកវាលវែង បញ្ជូនទៅដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ហើយ នៅម៉ោង៧៖៣៥នាទី យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីបន្តសួរនាំ និងបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់។
ខណៈជនបង្កជាថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិប្រចាំខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាលខេត្តនោះ កុមារារងគ្រោះ ណាត សុវណ្ណឌី អាយុទើបតែ៦ឆ្នាំ កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ពោលនៅបន្តសន្លប់នៅឡើយទេ មិនទាន់ដឹងខ្លួននោះឡើយ។
ឪពុកក្មេងរងគ្រោះ បានប្រាប់អធិការនគរបាលស្រុកវាលវែង តាមទូរស័ព្ទនាថ្ងៃនេះថា កូនប្រុសរបស់លោក នៅសន្លប់លើគ្រែពេទ្យនៅឡើយទេ ហើយស្ថានភាពក៏មិនទាន់ធូរស្រាលផងដែរ ដោយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងពេលបញ្ជូនជនសង្ស័យ ដែលជាប្រធានបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ មកដល់ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏មានលោក ងឹម ញេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលពោធិ៍សាត់ ចូលរួមអមមកជាមួយផងដែរ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ប្រធានគណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ បើករថយន្តទៅបុកក្មេងប្រុសអាយុទើបតែ៦ឆ្នាំ ប៉ើងជាង១០ម៉ែត្រ ហើយមិនឈប់មើល និងទទួលខុសត្រូវនោះ បានកើតឡើងនៅម៉ោងប្រមាណ៤៖៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក យ៉ាន់ សេងហ៊ត បានបើករថយន្តម៉ាក PAJERO ពាក់ស្លាកលេខ ភ្នំពេញ 2G-1466 បុកក្មេងប្រុសរងគ្រោះម្នាក់ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ រងរបួសចំក្បាលធ្ងន់ធ្ងរ កំពុងត្រូវសង្គ្រោះបន្ទាន់។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ថា ក្រោយបង្កគ្រោះថ្នាក់ហើយលោក យ៉ាន់ សេងហ៊ត មិនបានឈប់ដោះស្រាយ ឬមើលក្មេងរងគ្រោះនោះទេ បែរជាបន្ថែមល្បឿនរថយន្តគេចខ្លួន រហូតដល់ស្រុកភ្នំក្រវ៉ាញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។
ពាក់ព័ន្ធនឹងទង្វើរបស់លោក យ៉ាន់ សេងហ៊ត ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើករថយន្តបុកក្មេងហើយ មិនទទួលខុសត្រូវនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះក្នុងនាមជាអ្នកនយោបាយមួយរូប មិនគួរណាប្រព្រឹត្តិកំហុសហើយ បើករថយន្តរត់យករួចខ្លួន មិនគិតពីអាយុជីវិតរបស់ក្មេង ដែលកំពុងរងរបួសធ្ងន់ដោយសារកំហុសរបស់ខ្លួននោះឡើយ។
ជាមួយគ្នានេះ ទាំងក្រុមគ្រួសារក្មេងប្រុសរងគ្រោះ និងប្រជាពលរដ្ឋ សុំឲ្យតុលាការចាត់ការតាមច្បាប់ចំពោះជនបង្កនេះ តឹងរឹងតាមច្បាប់មិនត្រូវលើកលែងនោះទេ ដើម្បីជាការព្រមានដល់អ្នកបើករថយន្តផ្សេងទៀត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕