(ភ្នំពេញ)៖ ជាមួយនឹងដំណើរកម្សាន្តរយៈពេល១សប្តាហ៍ អ្នកសារព័ត៌មានអាស៊ាន-ចិន ប្រមាណ៤០នាក់ មកពីជាង៣០ស្ថាប័ន ក្នុងនោះមានតំណាងបណ្តាញសារព័ត៌មាន Fresh News ផងដែរ បានទៅទស្សនានៅរមនីយដ្ឋានប្រវត្តិសាស្រ្តភ្នំជីវហ័រ (Mount Jiuhua) ដែលស្ថិតនៅក្នុងក្រុងឈឺចូវ(Chizhou) ខេត្តអានហ៊ុយ ប្រទេសចិន កាលពីអំឡុងដើមសប្តាហ៍កន្លងទៅនេះ។
Jiuhua គឺជាភ្នំមួយក្នុងចំណោម ភ្នំដ៏ស័ក្តិសិទ្ធិព្រះពុទ្ធសាសនាដ៏ល្បីល្បាញចំនួន៤ នៅប្រទេសចិន (ភ្នំអឺម៉ី នៅក្នុងខេត្តស៊ីឈ័ន ភ្នំអ៊ូតៃនៅខេត្តសានស៊ី ភ្នំភូទូនៅក្នុងខេត្តជឺចៀង និង Jiuhua នៅខេត្តអានហ៊ុយ។ Jiuhua មានផ្ទៃដីសរុបប្រមាណ១០០គីឡូម៉ែត្រការ៉េ។ បច្ចុប្បន្នក្រៅពីកន្លែងប្រតិបត្តិពុទ្ធសាសនា ភ្នំនេះបានក្លាយជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរបស់ចិន ទៅកម្សាន្ត។
ក្រៅពីទេសភាពដ៍ស្រស់ស្អាត និងជាទីកន្លែងគោរពបូជានោះ នៅលើភ្នំជីវហ័រអ្វីៗគឺសុទ្ធតែលេខ៩ ដោយឈ្មោះថា ជីវហ័រប្រែថាផ្កាឈូក៩ទង ដែលត្រូវបានដាក់ឈ្មោះទៅតាមរូបរាងរបស់ភ្នំដែលមានកំពូលចំនួន ៩៩ហើយកំពូលនីមួយៗប្រៀបបានដូចទៅនឹងផ្កាឈូកកំពុងរីក។ មិនត្រឹមតែប៉ុណ្ណោះ មានព្រះវិហារចំនួន ៩៩ផងដែរដែលត្រូវបានសាងសង់នៅលើកំពូលភ្នំនេះ។ កំពូលភ្នំដែលខ្ពស់ជាងគេមានកម្ពស់ ១៣៤២ម៉ែត្រ។
បើតាមការឱ្យដឹងដោយមគ្គុទេសករទេសចររបស់ចិន កញ្ញា ចេស៊ីកា (Jessica) បានឱ្យដឹងថា ព្រះពុទ្ធសាសនាបានចូលមកដល់ភ្នំនេះនៅឆ្នាំ៤០១ រហូតដល់ឆ្នាំ ៧១៩ នៃគ.ស ព្រះសង្ឃកូរ៉េមួយអង្គព្រះនាម ជីន ឆែវជូ (Jin Qiaojue) បានមកដល់តាំងធម៌និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល៧៥ឆ្នាំ។ នៅពេលព្រះអង្គសោយទិវង្គតនៅឆ្នាំ៧៩៤ ក្នុងព្រះជន្មរហូតដល់ ៩៩ព្រះវស្សា ជីន ឆែវជូ បានត្រូវប្រជាជនក្នុងស្រុកគោរពជាទេវតាព្រះធរណី (Earth Buddha) ឬជាម្ចាស់នៃភ្នំ Jiuhua នេះ។
ទោះជាយ៉ាងណា បើផ្អែកតាមឯកសារផ្សេងទៀតដូចជា Wikipedia បានដំណាលថា មានក្សត្រកូរ៉េមួយអង្គ ព្រះនាម គីម ហ្គីយ៉ូកាក (Kim Gyo-gak) បានទៅសាងផ្នួសលើភ្នំនេះ ហើយបានផ្សព្វផ្សាយព្រះធម៌ និងអភិវឌ្ឍនៅតំបន់នេះ ក្លាយជាកន្លែងសក្ការៈបូជារហូតមកដល់សព្វថ្ងៃ។
រហូតមកដល់ឆ្នាំ១៩៩៩ ដើម្បីរំលឹកដល់អ្នកដែលខិតខំផ្សព្វផ្សាយព្រះធម៌ និងកសាងអភិវឌ្ឍភ្នំនេះ រដ្ឋាភិបាលចិន បានសាងសង់រូបសំណាក់មួយតំណាងឱ្យម្ចាស់ភ្នំ គឺព្រះសង្ឃកូរ៉េនោះ ដោយដាក់ឈ្មោះថា ស៊ីទិហ្កាបា។ រូបសំណាក់នេះធ្វើពីទង់ដែងជាង ១០០០តោននិងមាស ៦០គីឡូក្រាម ដែលមានកម្ពស់៩៩ម៉ែត្រ តំណាងឱ្យព្រះជន្មព្រះអង្គ ៩៩ព្រះវស្សា។
បច្ចុប្បន្នតំបន់នេះ បានក្លាយទៅជាតំបន់ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងមួយឆ្នាំៗមានភ្ញៀវចូលទស្សនាភ្នំនេះ ប្រមាណជា១០ម៉ឺននាក់ ព្រមទាំងបានជួយលើកស្ទួយជីវភាពរបស់ប្រជាជន ដែលរស់នៅលើភ្នំនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់មគ្គុទេសករទេសចរចិន៕
ខាងក្រោមនេះជាទេសភាពខ្លះៗរបស់ភ្នំ Jiuhua៖