(កំពង់ធំ)៖  លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងសែន និងនៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងនៅទីតាំងទី១ គឺនៅលើទីធ្លាប្រជាធិបតេយ្យ ស្ថិតនៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដោយមានការចូលរួមពីសមាជិក-សមាជិកា មកពីសង្កាត់ក្នុងក្រុងស្ទឹងសែន ប្រមាណ១៨៥០នាក់។ ទីតាំងទី២ គឺធ្វើនៅវត្តបារាយណ៍ជាន់ដែក ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ មានសមាជិក-សមាជិការមកពីឃុំបល្ល័ង្កប្រមាណចំនួន៤៥០នាក់។

ថ្លែងក្នុងពិធីនោះ លោក សុខ លូ បានសង្កត់ធ្ងន់ទៅលើគោលនយោយទាំង១៣ របស់គណបក្សប្រជាជនកម្ពុជា ហើយថាគណបក្សប្រជាជនកម្ពុជាមិនចេះតែដើរសន្យាខ្យល់នោះទេ «ហ៊ាននិយាយ ហ៊ានធ្វើ» ដូចអ្វីដែលបានឃើញជាក់ស្តែង ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវលំខ្វាត់ខ្វែង សាលារៀនស្ទើរគ្រប់ទីកន្លែង ស្ពាន ប្រឡាយ ប្រព័ន្ធស្រោចស្រព។ល។ ក៏ដូចគ្នានឹងគោលនយោបាយរបស់គណបក្សគឺ ធ្វើការប្រែក្លាយពីគ្មានផ្លូវទៅជាផ្លូវ ផ្លូវលំ ដីក្រហមទៅផ្លូវបេតុង និងផ្លូវកៅស៊ូជាបន្តបន្ទាប់ ដើម្បីឲ្យស្របតាមប្រសាសន៍របស់សម្តេចតេជា «មានផ្លូវគឺមានសង្ឈឹម»។  គោលនយោយពង្រីកបណ្តាញអគ្គិសនីទៅគ្រប់ភូមិ ឃុំ-សង្កាត់ និងបញ្ចុះតម្លៃសេវាអគ្គិសនីថែមទៀតផង។

សព្វថ្ងៃវិស័យសុខាភិបាល ត្រូវបានធ្វើកំណែទម្រង់ និងមានការវិវត្តន៍រីកចម្រើនទាំងបច្ចេកវិជ្ជា គ្រឿងបរិក្ខា ទាំងជំនាញបច្ចេកទេស គួរកត់សម្គាល់ ពីមុនបងប្អូនតែងតែព្រួយបារម្ភអំពីការវះកាត់ តែមកដល់បច្ចុប្បន្ន ដោយសារផ្នែកសុខាភិបាលមានការរីកចម្រើន គេអាចធ្វើការវះកាត់ជំងឺបេះដូង ឈាមកកក្នុងខួរក្បាល និងជំងឺផ្សេងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គ្មានការព្រួយបារម្ភខ្លាំងដូចមុនទេ។ ពិសេសគឺអនុគ្រោះមិនយកកម្រៃសេវាចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់និន្នាការនយោបាយ។ ខិតខំកាត់បន្ថយអត្រាការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមរម្យ។

គោលនយោបាយការពារខ្សែរបន្ទាត់ព្រំដែន បោះបង្គោលព្រំដែនជាបន្តបន្ទាប់ និងការពារបូរណភាពទឹកដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ ពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពីមុនបងប្អូនតែងតែមានការភ័យខ្លាចនៅពេលយប់ព្រលប់ កុំថាឡើយខាងក្រៅផ្ទះ សម្បីក្នុងផ្ទះខ្លួនឯងក៏ភ័យខ្លាច រឿងចោរឆក់ ចោរប្លន់ ផ្សេងៗដែរ តែដោយឡែក បច្ចុប្បន្នបងប្អូនចង់ធ្វើដំណើរទៅណាមកណាយប់ព្រលប់ក៏មិនមានបញ្ហាដែរ ចង់ធ្វើដំណើរទៅភ្នំពេញ សៀមរាប ព្រះវិហារ ទាំងយប់កណ្តាលអធ្រាតក៏បាន នេះ បានក៏ដោយសារមានសន្តិភាព ស្ថេរភាពក្នុងសង្គម និងផ្តល់ជូនដោយឥតគិតថ្លៃ ចំពោះសេវាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ។ល។

ហើយនៅរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុងស្ទឹងសែនទាំងមូលនឹងទទួលបាននូវទឹកស្អាត សម្រាប់ប្រើប្រាស់គ្រប់គ្រាន់និងធ្វើការពង្រីក ជូនបងប្អូនប្រជាពលរដ្ឋទៅតាមស្រុកផ្សេងៗជាបន្តបន្ទាប់។ មិនដូចជាគណបក្សដទៃ ដែលដើរតែសន្យាខ្យល់ បង្កតែការរំខាន និយាយហើយ សន្យាហើយធ្វើមិនបាននោះទេ។ រីឯការទំលាក់ថវិកាមកថ្នាក់ក្រោមជាតិ ឃុំ-សង្កាត់នៅពេលនេះ ថវិកាមិនតិចជា៥០ម៉ឺនដុល្លារនោះទេ បើគិតពីថវិកាដែលបានផ្តល់ឲ្យទៅឃុំ-សង្កាត់ក្នុងការកសាងផ្លូវថ្នល់ ស្ពាន ប្រឡាយ អណ្តូងទឹក សាលារៀន ។ល។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍គោរពច្បាប់ និងអនុវត្តន៍តាមការណែនាំរបស់គ.ជ.បដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនបំពានសិទ្ធិ ក៏ដូចជាបង្កការរំខានដល់អ្នកដទៃ មិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូចគណបក្សខ្លះដែលតែងតែបង្ករឿងជានិច្ចនោះទេ។

ជាចុងក្រោយលោក សុខ លូ បានធ្វើការផ្តាំផ្ញើសមាជិក-សមាជិកាគណបក្សប្រជាជនទាំងអស់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នាំបងប្អូន ញាតិមិត្ត ក្រុមគ្រួសារទៅបោះឆ្នោតទាំងអស់គ្នា។ ហើយសមាជិក-សមាជិកាម្នាក់ៗប្តេជ្ញាគាំទ្រ ការពារគណបក្សប្រជាជនកម្ពុជា និងធ្វើឲ្យសមាជិករបស់គណបក្សយើងម្នាក់ ប្រែក្លាយជាសន្លឹកឆ្នោតពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាមួយសន្លឹក៕