(តាកែវ)៖ អាចចាត់ទុកថា ជាការលះបង់ខ្លួនឯង ដើម្បីសហគមន៍ យុវជនម្នាក់ដែលមានស្រុកកំណើត នៅជនបទ ខិតខំមករៀនសូត្រនៅក្រុងភ្នំពេញ ធ្វើការងារនៅសាលាភាសាអង់គ្លេសមួយ បានប្រាក់ខែ៣៥០ដុល្លារក្នុង១ខែនោះ បានសុខចិត្តឈប់ធ្វើការ ទៅបង្កើនសាលារៀនភាសាអង់គ្លេសមួយនៅជនបទ ដើម្បីជួយបណ្តុះបណ្តាលក្មេងៗក្រីក្រ ឲ្យមានលទ្ធភាពអាចរៀន ភាសាអង់គ្លេសដូចកូនអ្នកទីក្រុងដែរ។  

យុវជនដែលមានការលះបង់ខ្ពស់នេះ មានឈ្មោះ ហ៊ុយ ក្រេង បានបង្កើតសាលាមួយឈ្មោះថា សាលារៀន​ អន្តរជាតិ​ ភាសាបរទេស​ គឺជាសាលារៀន​សន្ទនាបែបសង្គមធម៌ មានទីតាំងស្ថិតនៅភូមិព្រៃផ្គាំ​.គ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ។

រៀបរាប់ប្រាប់អង្គភាព Fresh News លោក​ ហ៊ុយ​ ក្រេង បានបញ្ជាក់ថា ការបង្កើតសាលានេះ គាត់គិតថាចង់បង្កើនចំណេះដឹង ភាសាអង់គ្លេស អភិវឌ្ឍន៍នៅតាមជនបទ ដើម្បីឲ្យសិស្សក្មេងៗ និង​សិស្សដទៃទៀត បានរៀនភាសាអង់គ្លេសនឹងគេ។​ ប៉ុន្តែពេលគាត់បានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ​ ២០១៦កន្លងទៅ​ គឺគាត់មានថវិការមិនគ្រប់គ្រាន់នោះទេ។

លោក​ ហ៊ុយ​ ក្រេង បានឆ្លងកាត់តាមរយៈបទពិសោធន៍របស់ គាត់ទាក់ទង នឹងការបង្រៀនភាសាអង់គ្លេស ដែលធ្វើការផ្លាស់ប្តូរ កម្មវិធីបង្រៀនជាមួយបរទេស ហើយទទួលបានសញ្ញាបត្រ ពីគ្រូបង្រៀនភាសាអង់គ្លេស ក្នុងកម្មវិធីហ្វិកកហាត់ ការបង្រៀនទាំងនៅក្នុង និងក្រៅប្រទេស នៅតាមសាលានានា។​

បច្ចុប្បន្នលោក​ ហ៊ុយ​ ក្រេង​ ក៏សម្រេចចិត្តបើកសាលារៀន​ អន្តរជាតិ​ ភាសាបរទេស​ នៅក្នុងសហគមន៍របស់ខ្លួន ដោយបានជួយផ្តល់អាហារូបករណ៍ ដល់សិស្សក្រី​ក្រនៅតាមជនបទ ឲ្យទទួលបានការសិក្សា​ភាសាអង់គ្លេស។​ គាត់មានគោលដៅដ៏រឹងមាំធំបី​ គឺ​ អភិវឌ្ឍន៍ខ្លួនរបស់អ្នក​ អភិវឌ្ឍន៍ភាសាអង់គ្លេសរបស់អ្នក​ និង​អភិវឌ្ឍន៍ប្រទេសរបស់អ្នក។ លើសពីនេះទៀតនោះ គាត់បានជួយធ្វើការផ្សព្វផ្សាយ និងជួយជាសម្ភារនិងអាហារមួយចំនួន​ដល់គ្រួសារសិស្សមួយចំនួនផងដែរ។

លោក ហ៊ុយ ក្រេង និយាយថា «ថ្វីបើខ្ញុំបាទ មិនមានថវិការច្រើន ប៉ុន្តែខ្ញុំនូវតែខិតខំធ្វើយ៉ាងណាឲ្យ ក្មេងៗក្នុងសហគមន៍ទទួលបានសមត្ថភាពល្អ និងមានគំនិតគ្រប់គ្រាន់ ដើម្បីឲ្យពួកគេឈានទៅដល់អនាគតមួយដែលល្អ នៅក្នុងសហគមន៍។​  ខ្ញុំក៏សប្បាយពេលដែលបានឃើញពួកគេ ទទួលបានចំណេះដឹងពីខ្ញុំ។​ ខ្ញុំសង្ឃឹមថាបងប្អូននៅគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបានឃើញ រាល់សកម្មភាពរបស់ខ្ញុំបាទ»

សាលារបស់លោក ហ៊ុយ ក្រេង ពេលនេះមានសិស្សជាង៦០នាក់។​ សម្រាប់សិស្សក្រីក្រផ្តល់ អាហារូបករណ៍ពេញមួយឆ្នាំ ហើយអាចបន្តទៀតបាន។​ ការបង្រៀន គឺសិស្សដែលមានជីវភាពធូរធា ត្រូវបង់ថ្លៃសិក្សាចំ​នួន​៣ដុល្លារក្នុង១ខែ​ ដែល ថវិការនេះយកទៅជំនួសឲ្យទឹកភ្លើង និងថ្លៃជួលផ្ទះចំនួន១០០ដុល្លារក្នុង១ខែ៕