(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណបក្សខេត្ត នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាពុម្ព និងជាថ្នាលបណ្តុះនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន តែបើលោកគ្រូអ្នកគ្រូបណ្តុះពុម្ព ទៅតាមការថ្នាំងថ្នាក់ និងខឹងគោទៅវាយរទេះនោះ ប្រទេសជាតិនឹងវិលត្រឡប់ ទៅរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃជាក់ជាមិនខាន ដូច្នេះបើមានបញ្ហាយើងអាចរួមគ្នាដោះស្រាយ។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រួសារគ្រូបង្រៀន ទូទាំងឃុំបឹងខ្នារ ជាលើកទី២ នៅស្នាក់ការបក្សឃុំបឹងខ្នារ ស្រុកបាកាន ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមគ្រួសារគ្រូបង្រៀនយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានសម្តែងនូវការកោតសរសើរ ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទូទាំងឃុំបឹងខ្នា ក៏ដូចជាទូទាំង ស្រុកបាកាន ដែលបានខិតខំប្រឹងប្រែង និងផ្ទេរចំណេះដឹង បង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារពេញវ័យសិក្សា ទទួលបានសេវាអប់រំបានល្អប្រសើរ។

លោកបានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាង ដែលទទួលបាននូវសមិទ្ធិផលជាច្រើន ពីរាជរដ្ឋាភិបាល ដូចជាទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលនឹងកំពុងស្ថាបនាបាន៨០%ហើយ តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់កម្ពុជាថៃ ឃុំថ្មដា ស្រុកវាលវែង, ផ្លូវលំជនបទក្រាលកៅស៊ូ ចំនួន១០ខ្សែ ប្រវែង១២៥.៥គីឡូម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត។

លោកបន្តថា ជាការពិតណាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង លើតម្លៃសេវាផ្សេងៗ ជាមួយនឹងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ដែលក្នុងនោះប្រាក់បៀវត្តន៍បុគ្គលិកអប់រំយើងមានកម្រិតខ្ពស់ជាងគេ។

លោកលើកឡើងទៀតថា ថ្ងៃនេះលោកចង់ជួប និងចង់ឃើញនូវស្នាមញញឹម របស់លោកគ្រូអ្នកគ្រូទាំងអស់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នា រវាងគ្រូបង្រៀន ជាមួយថ្នាក់ដឹកនាំខេត្ត ងាយស្រួលពេលមានបញ្ហាអ្វីកើតឡើង ត្រូវជួយគ្នាទៅវិញទៅមក ក្នុងនាមមហាគ្រួសារតែមួយ៕