(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនខេត្តបាត់ដំបង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជន ត្រូវប្រាប់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ពីលេខរៀងបក្ស និងឲ្យត្រៀមឯកសារគ្រាប់គ្រាន់ សម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបានបើកកិច្ចប្រជុំសំណេះសំណាលជាមួយក្រុម ការងារសមាជិកបក្ស ទាំង៨ឃុំ ទូទាំងស្រុកបាណន់ ខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ដោយមានការអញ្ជើញចូលរួមពីលោក សុខ ផល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនខេត្តបាត់ដំបង និងប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរាស្រ្ត សហការី ក្រុមការងារថ្នាក់មូលដ្ឋាន ភូមិ និងឃុំទាំង៨ នៃស្រុកបាណន់ជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះ សម្តេច ស ខេង បានថ្លែងថា «ក្រុមការងារ បេក្ខជនក្រុមប្រឹក្សាឃុំ និងសាខាបក្សក្នុងស្រុកបាណន់ ត្រូវផ្តោត និងជំរាបជូនប្រជាពលរដ្ឋទាំងអស់ត្រូវពិនិត្យមើលលេខរៀង គណបក្សឃុំនៅក្នុងសន្លឹកឆ្នោត តាមភូមិឃុំមួយៗ ថ្ងៃខែបោះឆ្នោត (បិទត្រឹមម៉ោង៣) និង ទីកន្លែងដែលគាត់ត្រូវបោះឆ្នោត ឯកសារសម្រាប់យកទៅបោះឆ្នោត ត្រៀមគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ បានទៅបោះឆ្នោត»។
ជាមួយគ្នានេះសម្តេចក្រឡាហោម បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្រ្តីបន្តពង្រឹងការសាមគ្គីឯកភាពផ្ទៃក្នុង រវាងបេក្ខជនពេញសិទ្ធិ និងបំរុងរវាងបេក្ខជន និងសាខាបក្សភូមិឃុំ ព្រមទាំងការធានារក្សាឲ្យបានសន្តិសុខល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត៕