(បាត់ដំបង)៖ រយៈពេល៩ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ យុទ្ធនាការឃោសនារកសំឡេតឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់បក្សនយោបាយទាំង៩ ក្នុងខេត្តបាត់ដំបង មានភាពរលូន និងល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

លោក វន ពន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (គ.ខ.ប) បានប្រាប់ឲ្យដឹងថា ខេត្តបាត់ដំបងមានក្រុង​១ស្រុក១៣ មាន ឃុំ-សង្កាត់ ចំនួន១០២ មានទីតាំងការិយាល័យបោះឆ្នោត ចំនួន១.៥៦៦ការិយាល័យ គណបក្សនយោបាយ​ចុះក្នុងបញ្ជី បេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មាន៩គណបក្សនយោបាយ បានធ្វើសកម្មភាពក្នុងដែនដី​របស់ខ្លួន ដើម្បីឃោសនារកសម្លេងឆ្នោត។

លោក វន ពន បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង ទៅមានចំនួន៧៦៥.២៩២នាក់ បានចុះឈ្មោះមាននៅក្នុង​បញ្ជីបោះឆ្នោត មានចំនួន៥២៧.៥២៨នាក់។

នៅក្នុងកិច្ចសម្ភាសន៍នេះដែរ លោកបានអំពានាវដល់ប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់អញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅព្រឹកម៉ោង៧ ដល់ម៉ោង៣រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងយកឯកសារមកជាមួយផង ក្នុងករណីប្រជាពលរដ្ឋណា មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតហើយ តែបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញរួសរាន់ទៅសុំធ្វើលិខិត​បញ្ជាក់​អត្តសញ្ញាណថ្មី សម្រាប់យកទៅបោះឆ្នោត ពីគណៈកម្មការរៀបចំ ឃុំ-សង្កាត់ ដោយនាំសាក្សី២នាក់ និងមានរូបថត៤គុណនិង៦ចំនួន៣សន្លឹក ភ្ជាប់មកជាមួយ ដើម្បីបានសិទ្ធទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៤នេះ។

ក្នុងរយៈពេលយុទ្ធការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ ពុំមាករណីបណ្តឹងវិវាទ អ្វីធំដុំនោះទេ គឺមានបណ្តឹងចំនួន៣ជារឿងតូចៗ ហើយក៏បានដោះស្រាយរួចហើយ។ លោកថា «បើប្រៀបធៀបទៅ និងអណត្តិមុនៗ គឺមានភាពល្អប្រសើរជាងមុន»