(កំពង់ស្ពឺ)៖ នៅព្រឹកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនា ស្វែងរកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា នៅភូមិត្រពាំងស្យា ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសកម្មជន គណបក្សជាង៥០០នាក់។
ថ្លែងទៅកាន់សកម្មជនគណបក្ស លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុង ១៖ ការបញ្ចប់សង្រ្គាម នាំមកវិញនូវសន្តិភាព និងឯកភាពជាតិតែមួយ, ២៖ ការផ្តល់នូវសិទ្ធិសេរីភាពពេញលេញ ជូនប្រជាពលរដ្ឋកម្ពុជា, ៣៖ ការនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ៤៖ ការដឹកនាំប្រទេស ឱ្យចាកផុតពីភាពក្រីក្រ ឱ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាព ដើម្បីបន្តនូវការអភិវឌ្ឍ។ ទាល់តែមានសន្តិភាព ទើបមានការអភិវឌ្ឍ។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំទាក់ទាញ វិនិយោគិនពីក្រៅប្រទេសមកបើក រោងចក្រឱ្យបងប្អូនកូនចៅយើងមានការងារធ្វើ តែពួកអ្នកប្រឆាំងបែរជា ទៅហាមកុំឱ្យគេមករកស៊ីនៅស្រុកខ្មែរទៅវិញ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំគិតគូរដំឡើងប្រាក់ខែ ជូនកម្មករ ហើយក៏បានគិតគូរ អំពីរបបសន្តិសុខសង្គមផងដែរ ដោយផ្តល់ជូននូវថ្លៃព្យាបាល ដោយឥតគិតថ្លៃដល់កម្មករកម្មការិនីពេលឈឺ ឬមានគ្រោះថ្នាក់ការងារ។ លើសពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ កម្មករយើងមានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការផងដែរ។ ជាក់ស្តែង ចាប់ពីខែមេសា ឆ្នាំ២០១៧មក ប្រាក់ខែគោលរបស់កម្មករកម្មការិនី ទទួលបាន១៥៣ដុល្លារក្នុងមួយខែ។ ដោយឡែកក្នុងស្រុកបរសេដ្ឋ មានកម្មករជាង១ម៉ឺននាក់ ដូច្នេះមានប្រាក់ចំណូលប្រមាណ២លានដុល្លារ ចូលមកស្រុកបរសេដ្ឋក្នុងមួយខែៗ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើបន្ថែម ដល់សមាជិសមាជិកាទាំងអស់ថា ការបោះឆ្នោតនេះមានសារសំខាន់ណាស់ បើបោះឆ្នោតខុសនឹងនាំឱ្យ ប្រទេសច្របូកច្របល់ និងមានសង្គ្រាម។ ដូច្នេះយើងទាំងអស់គ្នាត្រូវទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយត្រូវប្រែក្លាយពីសមាជិកភាពមួយនាក់ ឱ្យទៅជាសន្លឹកឆ្នោតមួយសន្លឹកយ៉ាងតិច។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង៕