(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ បានបន្តជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា នៃមហាគ្រួសារគណបក្សប្រជាជនចំនួន១០០០នាក់ ជាលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ គរុសិស្ស និងនិស្សិតនៅទីស្នាក់ការបក្ស ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង ទាំងអស់ទោះនៅទីណាក៏ដោយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ យុវជន យុវនារី និងនិស្សិ នៅខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិទាំងការ បោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាពិសេសបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់សាធារណ: និងសមិទ្ធិផលនានា ដែលកើតពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ គ្មានបាតដៃគណបក្សប្រឆាំងទេ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន យើងទាំងអស់គ្នា បានរួមគ្នាជាមួយ ប្រជាជនកម្ពុជាកសាងប្រទេសឡើងវិញ តាំងពីគំនរផេះផង់នៃសង្គ្រាម ដែលបានបន្សល់ទុកពីរបបអាវខ្មៅបីឆ្នាំ៨ ខែម្ភៃថ្ងៃ បន្តមកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ប្រទេសមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះ វិស័យអប់រំសិក្សាធិការ វិស័យសុខាភិបាល និងការទាក់ទាញ វិនិយោគទុនក្នុងក្រៅស្រុកមករកស៊ី នៅក្នុងប្រទេសកម្ពុជា ជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពដ៏ទៃទៀត ដែលរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ គឺដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងបង្កើតទីផ្សារការងារសម្រាប់យុវជន យុវនារីក្រោយបញ្ចប់ការសិក្សា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង អនាគតកូនចៅយើង។
ជាទីបញ្ចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កុំជឿលើពួកអគតិគណបក្សផ្សេងមកឃោសនាបោកប្រាស់នាំឲ្យ មានភាពចលាចល អសន្តិសុខ ទន្ទឹមនឹងនេះត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមលេខរៀងដែលបានកំណត់តាមសង្កាត់-ឃុំនីមួយៗឲ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខដើម្បីរួមដំណើរជាមួយគ្នាឆ្ពោះទៅ ធ្វើការអភិវឌ្ឍមូលដ្ឋាន ឃុំ-សង្កាត់បន្តកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធ ទឹក ភ្លើង ប្រពន្ធ័ធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធសង្គមឱ្យបានច្រើននិងទំនើបជាងមុនបន្ថែមទៀត៕