(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសាធាតញៀន ហើយការឃាត់ខ្លួននេះ ធ្វើឡើងនៅពីរកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា នៅវេលាម៉ោង៩៖៣០នាទី ខែឧសភា កម្លាំងរបស់លោក បានដើរល្បាតឃ្លាំមើលមុខសញ្ញា ហើយក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចទួលក្បាលក្របីផ្លូវជាតិលេខ៧ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ។
ជនសង្ស័យទី១ឈ្មោះ ហ៊ន តូណា អាយុ៣០ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម និងជនសង្ស័យទី២ឈ្មោះ ឆាយ ឆា ហៅវើង អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
កម្លាំងនគរបាលបានដកហូតវត្ថុតាងបានថ្នាំញៀនចំនួន១កញ្ចប់ ម៉ូតូស្កូបពី១គ្រឿង ពណ៌សរ សេរីឆ្នាំ២០១៣ ស្លាកលេខកំពង់ចាម 1H-4319 ប្រាក់រៀលជាង១៥ម៉ឺន ដាវ១ដើម ទូរស័ព្ទចំនួន២គ្រឿង និងសំភារជក់គ្រឿងញៀនមួយចំនួនទៀត។
លោកបន្តទៀតថា លុះដល់ម៉ោង១០យប់ ថ្ងៃដដែលកម្លាំងរបស់ឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ទៀត នៅណុចផ្សារស្នួល ភូមិក្បាលស្នួល ស្រុកស្នួល ទី១ឈ្មោះ ផៃ រិទ្ធី អាយុ២០ឆ្នាំ រស់នៅភូមិព្រែកក្ដី ឃុំស្នួល ទី២ឈ្មោះ វឹង ពេជ្រ អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល និងដកហូតវត្ថុតាងបានរួមមានម៉្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទWYចំនួន១គ្រាប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿហញៀនចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងម៉ាក Today ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងនគរបាលស្រុកស្នួលបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បំពេញនីតិវិធីទៅតុលាការ៕