(បាត់ដំបង)៖ ដើម្បីគៀងគរមហាជនឲ្យកាន់តែផុសផល ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងយកឈ្នះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះផង និងការបោះឆ្នោតសភាឆ្នាំ២០១៨ខាងមុខ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ថ្នាក់ដឹកនាំសកម្មជន សមាជិកសមាជិកា គណៈចលនាសាសនិកឥស្លាមរបស់ CPP ខេត្តបាត់ដំបង។
ក្នុងពិធីដែលបានធ្វើនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ ក៏មានការចូលរួមពី លោក ឈាង វុន ក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោក អូស្មាន ហាស្សាន់ ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងដឹកនាំគណៈចលនាសាសនិកឥស្លាមទូទាំងខេត្ត ចំនួន១,៤៥០នាក់។
សម្តេច ស ខេង បានប្រាប់ដល់សកម្មជន និងសមាជិកគណៈចលនាបក្សទាំងអស់ ត្រូវពិនិត្យមើលខ្លួនឯង និងផ្សព្វផ្សាយបន្តស្តីអំពី ឯកសារពាក់ព័ន្ធចាំបាច់ដល់ការ បោះឆ្នោត ស្គាល់ឲ្យច្បាស់ អំពីលេខរៀងបក្ស សញ្ញាបក្ស ដើម្បីជៀសវាងការភ័ន្តច្រឡំ និងត្រៀមខ្លួនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅតែប៉ុន្មានថ្ងៃទៀត គឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ប៉ុណ្ណោះ នឹងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព សេរីភាពជំនឿសាសនា ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ។
បន្ថែមពីនេះ សម្តេចក្រឡាហោម ក៏បានកោតសរសើរដល់សាសនិកឥស្លាមកម្ពុជា ដែលជានិច្ចកាលបានរួមរស់រួមសុខ ជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ហើយសម្ដេចក៏សរសើរដល់ការរួមរស់ របស់សាសនិកឥស្លាម ដោយប្រកាន់នូវគោលការណ៍សន្តិភាព មិនដែលបង្កឲ្យមានកង្វល់ណាមួយ ដល់រាជរដ្ឋាភិបាលឡើយ៕