Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើបុព្វបុរសខ្មែរចារអក្សរថ្ម ដើម្បីអ្វី? សូមស្តាប់អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរបកស្រាយ

28-05-2017 14:55

(ភ្នំពេញ)៖ អក្សរ គឺជាសំណេរដែលបុព្វបុរសខ្មែរយើង បានបង្កើតទ្បើងដើម្បីធ្វើការប្រាស្រ័យទាក់ទងនិងគ្នា។ ទន្ទឹមនិងនេះផងដែរ បើនិយាយពីសំណេរដែល បុព្វបុរសបានចារនេះទៀតសោត មានច្រើនបែបច្រើនយ៉ាង ដោយហេតុនេះហើយ ទើបមានបងប្អូនជនរួមជាតិខ្មែរយើងខ្លះ បានចោទជាចម្ងល់ថា តើហេតុអ្វីបានជាបុព្វបុរសយើងចារអក្សរលើថ្ម ដើម្បីអ្វី?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ជាទូទៅបើគេនិយាយអំពីសំណេរលើថ្ម គឺសំដៅលើសិលាចារឹក ឬហៅថា «អក្សរថ្ម»។ ហើយមុននិងចារជាអក្សរថ្មនេះទៀតសោត ប្រហែលជាដើមទ្បើយ គេសរសេរលើក្រំាង លើស្លឹករឹត ផងដែរ ដោយហេតុថាចំពោះការកត់ត្រាលើថ្មនេះ គឺមិនងាយទេ ព្រោះជាការលំបាក ដោយហេតុថាមុននិងចារ ជាដំបូងគេត្រូវរំលីងផ្ទំាងថ្មឲ្យស្អាត នៅទីកន្លែងដែលគេត្រូវចារ។ បើដូច្នេះចំពោះការដែលគេចារលើថ្មនេះ ប្រហែលជារឿងរ៉ាវពិសេសបំផុតហើយ។

ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបន្ដថា បើដូចនេះមានន័យថា គោលបំណងចំពោះការចារលើថ្មនេះ គឺដើម្បីកត់ត្រាអំពីសកម្មភាពអ្វីមួយ នាសម័យនោះដោយភ្ជាប់មនុស្ស និងទេពតែប៉ុណ្ណោះ។ ត្រង់នេះហើយជារឿងរ៉ាវពិសេសនៃការចារលើថ្មនោះ។ ដោយហេតុថា នៅក្នុងសិលាចារឹកសម័យបុរាណ គឺជាភាសាសំស្រ្ដឹត ហើយចំពោះការចារនេះទៀតសោត ជាពាក្យកាព្យ ហើយច្រើនតែនិយាយលើកតម្កើនទេព ឬក៏ការសរសើរចំពោះព្រះរាជា ឬក៏កិច្ចពិធីផ្សេងៗតែប៉ុណ្ណោះ។

បើដូច្នេះមានន័យថា សិលាចារឹក គឺពុំមែនចារទ្បើងដើម្បីទុកជាប្រវត្ដិសាស្រ្ដឲ្យកូនចៅជំនាន់ក្រោយទេ ។ ប៉ុន្ដែក្រោយមកសិលាចារឹកនេះក៏ក្លាយទៅជាប្រភព ឯកសារប្រវត្ដិសាស្រ្ដសំខាន់បំផុត ដែលប្រាប់ឲ្យយើងដឹងនៃរឿងរ៉ាវផ្សេងៗ ក្នុងកាលប្រវត្ដិនៃសម័យទំាងនោះ។

ក្នុងន័យនេះដែរ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ថា បើនិយាយពីសិលាចារឹកនេះទៀតសោត គឺមានពីរបែប៖ ទីមួយ) ផ្ទំាងសិលាចារឹក ដែលអាចផ្លាស់ប្ដូរទីកន្លែងបាន មានដូចជា៖ ចារលើផ្ទំាងថ្ម, ចារលើលិង្គ, បង្គោលសីម៉ា, សន្លឹកសីម៉ា, សរសេរស្ដម្ភជាដើម។ និងទីពីរ) ទីតំាងដែលមិនអាចផ្លាស់ប្ដូរបាន គឺចារលើមេទ្វារ ដែលជាប្រភពព័ត៌មានដ៏ច្បាស់លាស់បំផុត។

ម្យ៉ាងទៀត បើនិយាយពីសិលាចារឹកសម័យបុរាណ គឺមានចារជាពីរភាសាផងដែរ គឺភាសាខ្មែរ និងភាសាសំស្រឹ្ដត។ ហើយក្នុងចំណោមទំាងពីរភាសានេះទៀតសោត គឺមានបីបែប៖

ទីមួយ៖ សិលាចារឹក ជាភាសាខ្មែរសុទ្ធ។
ទីពីរ៖ សិលាចារឹក ជាភាសាសំស្រ្ដឹតសុទ្ធ។ និង
ទីបី៖ សិលាចារឹក មានពីរភាសាបញ្ចូលគ្នាគឺទំាងភាសាខ្មែរនិងភាសាសំស្រ្ដឹត។ ហើយចំណែកឯនៅសម័យកណ្ដាលវិញ គឺមានចារជាភាសាខ្មែរនិងភាសាបាលី ពីព្រោះថា ក្នុងបរិបទនេះ ប្រទេសយើងមានការផ្លាស់ប្ដូរសាសនា គឺព្រះពុទ្ធសាសនាថេរវាទ ដែលមានភាសាបាលីជាយាន។ តែបើទោះជាយ៉ាងនេះក្ដី ក៏ខ្មែរយើងនៅតែប្រើប្រាស់ភាសាសំស្រ្ដឹត ក្នុងជីវភាពប្រចំាថ្ងៃ ផងដែរ។

ជាសរុបលោក បានបញ្ជាក់ថា សព្វថ្ងៃ បើនិយាយពីសិលាចារឹកខ្មែរយើង ដែលបានរកឃើញគឺមានចំនួន១២៨៤ ក្នុងនោះមួយចំនួនគឺ (ស្ថិតក្នុងប្រទេសថៃ និងឡាវបច្ចុប្បន្ន) នេះផងដែរ។ បើដូច្នេះបានន័យថា បុព្វបុរសខ្មែរយើង ពិតជាមានការឧស្សាហ៍ ព្យាយាមណាស់ ទើបលោកចារជាសិលាចារឹកនេះទ្បើង ដើម្បីទុកជាប្រភពឯកសារដ៏សំខាន់បំផុត សម្រាប់ឲ្យយើងដឹងអំពីប្រវត្ដិសាស្រ្ដ និងប្រពៃណីរស់នៅក្នុងដំណាក់កាលនីមួយ៕