(កណ្តាល)៖ ក្នុងជំនួបឃោសនារកសំឡេងឆ្នោតពីលោកគ្រូ អ្នកគ្រូ និងសិស្សៗជាង ១ពាន់នាក់មកពីតាមសាលានានា ក្នុងស្រុកកោះធំ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងមូលដ្ឋានស្រុកកោះធំមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន ព្រមទាំងធ្វើឲ្យប្រសើរនូវ សេវាដឹកជញ្ជូនផងដែរ។
នៅចំពោះមុខលោកគ្រូ អ្នកគ្រូ និងសិស្ស លោក ស៊ុន ចាន់ថុល បានរំឭកពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងឋានៈ ជារដ្ឋមន្រ្តីក្រសួងសា ធារណការ និងដឹកជញ្ជូន ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពនូវប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសគឺផ្លូវតែម្តង។ លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីការប្រឹងប្រែងធ្វើកំណែទម្រង់ ក្នុងការផ្តល់សេវាសាធារណការ និងដឹកជញ្ជូនឲ្យបានកាន់តែប្រសើរផងដែរ។
«រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារូបខ្ញុំផ្ទាល់ដែលទទួលបានការទុកចិត្តពីសម្តេច គឺយើងខិតខំណាស់ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ដើម្បីធានាគុណភាពផ្លូវ ការបង្ក្រាបរថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ ការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាមអនឡាញ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តតាមអនឡាញ និងប្រព័ន្ធចេញបណ្ណ បើកបរតាមអនឡាញ។ យើងប្រឹងប្រែងបែបនេះ ដើម្បីផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានតម្លាភាពជូនប្រជាពលរដ្ឋ»។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់។
លោក ស៊ុន ចាន់ថុល ក៏បានអះអាងប្រាប់ប្រជាពលរដ្ឋដែរថា ក្នុងឋានៈលោកជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកមិនទទួលយកផ្លូវដែលគ្មានគុណភាពទៀតទេ គឺត្រូវទទួលយកតែផ្លូវដែលធ្វើបានរឹងមាំល្អតែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ គ្រប់អាយុអាចចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនានាពេលខាងមុខ និងបានផ្តាំផ្ញើ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងស្រុកកោះធំទាំងអស់ ចូលរួមបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចបន្តដឹកនាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗបន្ថែមទៀត និងធ្វើឱ្យប្រសើរឡើងដល់សេវាដឹកជញ្ជូនផងដែរ។
មុននឹងបញ្ចប់កិច្ចសំណេះសំណាល លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀន ភាសាអង់គ្លេសដើម្បីបង្កើនចំណេះដឹង និងធ្វើឱ្យប្រសើរឡើងនូវឱកាសសម្រាប់អនាគតរបស់ខ្លួន ជាពិសេសតាមដាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីបង្កើតការងារធ្វើជូននិស្សិត ដែលបានបញ្ចប់ការសិក្សា បង្កើនប្រាក់ចំណូល និងធ្វើឱ្យប្រសើរឡើងដល់កម្រិតជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ៕