(កំពង់ស្ពឺ)៖ ស្របពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងចាកចេញពីបក្សនេះ ហើយមកសុំរួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងកាន់អំណាច និងមានភាពចាស់ទុំខាងផ្នែក នយោបាយជាងគេ។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានប្រកាសបញ្ជូនសមាជិកថ្មី៧៩នាក់ ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ មកពីចំនួន៨ភូមិ ស្ថិតក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង។ ជាមួយនឹងការប្រកាសទទួលស្គាល់សមាជិកថ្មី លោក វ៉ី សំណាង បានស្វាគមន៍ដោយភាពកក់ក្ដៅបំផុត។
តំណាងសមាជិកទាំង៧៩នាក់ បានឡើងមានមតិថា ដោយមើលឃើញនូវដឹកនាំដ៏ត្រឹមត្រូវ តាំងពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន មានការរីកចម្រើន ហើយប្តេជ្ញាប្រមូលផ្តុំកម្លាំងក្នុងស្រទាប់យុវជន យុវនារី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីធ្វើជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ សំដៅលើការអភិវឌ្ឍន៏ ប្រទេសជាតិជារៀងរហូត។
សូមជម្រាបថា សកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់បានមកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលរហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ មានចំនួន៤៦៦នាក់ហើយ៕