(កម្ពុជា)៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយតាមសន្ទុះនៃការគាំទ្រគឺ ច្បាស់ណាស់គណបក្ស ប្រជាជនកម្ពុជា ជាបក្សឈ្នះឆ្នោត នៅតែទទួលបានជ័យជំនះបន្តទៀត។
មូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តដ៏ប្រសើរត្រឹមត្រូវបាន គឺនៅពេលយើងរកឃើញការប្រៀបធៀបគុណតម្លៃ «រវាងអ្វីជាការពិត និងការសន្យាខ្យល់»!? និង «អ្វីជាដុំមាស ទៅនឹងអ្វីជាឈើពុក»!? យើងមិនអាចប្រថុយផ្ញើជោគវាសនាយើង និងអនាគតប្រទេសជាតិយើងលើភាពមិនប្រាកដប្រជា និងចំពោះអ្នកនយោបាយគ្មានការទទួលខុសត្រូវនោះបានទេ។
ឆ្នាំ២០១៧នេះ កម្លាំងគណបក្សប្រជាជនកម្ពុជា ពិតជាមានសន្ទុះកើនឡើងគ្រប់ទីកន្លែងទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ។ មានមូលដ្ឋានច្បាស់ៗជាច្រើនដែលជាទល្ហីករបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាបក្សឈ្នះឆ្នោតបន្តទៀត។ ម្ចាស់ឆ្នោតអាចយកគុណសម្បត្តិខាងក្រោមនេះ ដើម្បីធ្វើការប្រៀបធៀប និងសម្រេចចិត្តដ៏ត្រឹមត្រូវ៖
ទី១៖ លទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២៖ គឺមេឃុំចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ឈ្នះបានចំនួន ១៥៩២នាក់។ ចំពោះបក្ស សម រង្ស៊ី បាន២២នាក់ប៉ុណ្ណោះ និងបក្សសិទ្ធិមនុស្សបានតែ១៨នាក់។ បើបក្សប្រឆាំង២នេះបូកបញ្ចូលគ្នា បានតែ៤០សំឡេង គឺគណបក្សប្រជាជនកម្ពុជាឈ្នះរហូត ១៥៥២សំឡេង។
ទី២៖ សំឡេងសន្លឹកឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២៖ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ៣,៦៣១,០៨២ សំឡេង។ ចំពោះបក្ស សម រង្ស៊ី ទទួលបានចំនួន ១,២២៤,៤៦៩ សំឡេង និងបក្សសិទ្ធិមនុស្ស ទទួលបានចំនួន ៥៨០,៤៨៣ សំឡេង។ បើបក្សប្រឆាំង២នេះបូកបញ្ចូលគ្នា គឺគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះនាំមុខប្រមាណ២លានសំឡេងឆ្នោត។
ទី៣៖ ប្រជាប្រិយភាពមេដឹកនាំគណបក្ស៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺទទួលបានប្រជាប្រិយភាពនិងការគោរពស្រឡាញ់ពីប្រជាជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ នៅលើ Page Facebook គឺសម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកគាំទ្ររហូតដល់៧លាន៨សែនាក់ជាង ដែលមេបក្សប្រឆាំងខ្លះគ្មានប្រជាប្រិយភាពរកអ្នកចុចគាំទ្រមិនទាន់បាន១លាននាក់ផងទេ គឺចាញ់ដាច់ឆ្ងាយណាស់។ រីឯអ្នកនយោបាយដែលចាញ់ឆ្នោតជាប់រហូត ហើយកំពុងបន្លំខ្លួនលេងនយោបាយក្រោយឆាក មានអ្នកចុចគាំទ្រត្រឹម៤លានប៉ុណ្ណោះ។ ទាំងអ្នកចាញ់ អ្នកធ្លាប់ចាញ់ បូករួមគ្នា គឺនៅតែចាញ់ធ្ងន់ដដែល។
ទី៤៖ គុណសម្បត្តិនិងស្នាដៃមេដឹកនាំគណបក្ស៖ សម្តេចតេជោ ហ៊ុន សែន នៅជិតប្រជាជនគ្រប់នាទី ទាំងពេលមានទុក្ខ និងពេលរីករាយ។ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានប្រែក្លាយកម្ពុជាពី «សង្គ្រាមមក សន្តិភាព» និង «ពីផេះផង់មកការអភិវឌ្ឍន៍»។ គុណសម្បត្តិនេះគ្មានអ្នកណាអាចដណ្តើមយកពីសម្តេចតេជោ ហ៊ុន សែន បានឡើយ ជាពិសេសស្នាដៃជាមរតកដ៏ពិសិដ្ឋ៣យ៉ាងគឺ៖ «ការធ្វើឲ្យមានការផ្សះផ្សារបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ»។ ដោយសារមរតក៣យ៉ាងនេះហើយ ទើបមានមុខ មានកំណើតបក្សប្រឆាំងសព្វថ្ងៃនេះ។ ការរីកចម្រើនរបស់មាតុភូមិកម្ពុជាសព្វថ្ងៃ គឺគ្មានចំណែកពួកប្រឆាំងបន្តិចណាសោះ សូម្បីតែកូនបណ្ណាល័យមួយគេមិនកសាងឲ្យជាតិផងទេ។ គេរៃអង្គាសលុយពីប្រជាជនគ្រប់ទីកន្លែងដើម្បីចិញ្ចឹមបក្សនិងគ្រួសារគេតែប៉ុណ្ណោះ។
ទី៥៖ គុណធម៌មេដឹកនាំគណបក្ស៖ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅបំផុត។ នេះហើយដែលគាត់កាន់អំណាចបានយូរ និងនៅជាមួយប្រជាជនបានយូរអង្វែង។ អ្នកនយោបាយថ្មីៗ ដែលមិនអាចដឹកនាំសូម្បីតែការ ដឹកនាំបក្សមួយមិនបានផងនោះ គឺដោយសារតែគេគ្មានគុណធម៌ សីលធម៌មិនស្អាតស្អំ ភូតភរ បោកប្រាស់ ប្រមាថ បំភ្លៃ... ទីបំផុត ប្រជាជនមិនអាចផ្តល់ការគាំទ្របានជាដាច់ខាត ហើយប្រជាជននៅតែបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបន្តទៀត។
ទី៦៖ គណបក្សដែលផ្តល់ជំនឿទុកចិត្តនិងក្តីសង្ឃឹម៖ សម្តេចតេជោ ហ៊ុន សែន មានគុណសម្បត្តិទាំងកិច្ចការអន្តរជាតិ ការទូត នយោបាយ យោធា សេដ្ឋកិច្ច និងសមត្ថភាពថែរក្សាស្ថេរភាពជាតិ ដែលផ្ទុយពីអ្នកនយោបាយរត់ចោលស្រុក ឬចេះត្រឹមសន្យាភូតភរ។ ពួកគេគ្មានសមត្ថភាពនិងលទ្ធភាពដឹកនាំទេ។ ពួកគេគ្មានឆន្ទៈស៊ូទ្រាំការលំបាកទេ ហើយគេនឹងរត់ចោលប្រជាជន។ ការប្រៀបធៀបដូច្នេះហើយដែលប្រជាជននៅតែមានជំនឿថា វត្តមានសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺមាតុភូមិកម្ពុជារឹងមាំដោយ «សន្តិភាព និង ការអភិវឌ្ឍន៍» បន្តទៀត។
ទី៧៖ បរិមាណ គុណភាព និង ធនធានគណបក្ស៖ ជាមួយនឹងមេដឹកនាំប្រកបដោយគុណធម៌ គណបក្សប្រជាជនកម្ពុជា មានសមាជិក សមាជិកា អ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន រាប់ចាប់តាំងពី យុវជន យុវនារី លោកតា លោកយាយ កសិករ កម្មករ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ សាសនិកផ្សេងៗ បញ្ញាវ័ន្ត គ្រូបង្រៀន ពេទ្យ អាជីវករ ពាណិជ្ជករ មន្ត្រី ឧកញ៉ា អាចារ្យ សិល្បៈករ កីឡាករ... ដែលទាំងអស់គ្នាមានជំនឿថា សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺមិនអាចខ្វះ។ សូម្បីបរទេសក៏ទទួលស្គាល់ កម្ពុជា មិនអាចអត់ សម្តេចតេជោ ហ៊ុន សែន បានទេ។ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនយើង ដើម្បីអនាគតយើង។ ប្រជាជនកម្ពុជា ឈ្នះបន្តទៀតទាំងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីកម្ពុជាកាន់តែប្រសើរឡើង៕
ដោយ៖ សេនាជាតិ