(តាកែវ)៖ សកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់បានមកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលរហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ មានចំនួន៤៦៦នាក់ហើយ។
ជាក់ស្តែង នៅថ្ងៃនេះសកម្មជនបក្សសង្គ្រោះជាតិ២១នាក់បន្ថែមទៀត ត្រូវបានធ្វើពិធីទទួលបញ្ចូលជាសមាជិក ពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការបក្សឃុំកុមាររាជា ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា នៃស្រុកបាទី ខេត្តតាកែវ និងមានការចូលរួមដោយក្រុមការងារ ក្រុមប្រឹក្សាឃុំកុមាររាជា និងយុវជនជាច្រើនរូប។
លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ជាពិសេស ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលស្ម័គ្រចិត្តមករួមរស់ ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលកាយវិការនេះ គឺជាការសម្រេចចិត្តដោយឆន្ទៈ និងជាការទទួលស្គាល់នូវការពិតចំពោះស្នាដៃ និងសមិទ្ធផលជាច្រើនដែលជានិច្ចកាលគណបក្សប្រជាជនកម្ពុជានៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។
ម្យ៉ាងវិញទៀត ការមករួមរស់ជាមួយនេះ ក៏ជាការផ្តល់នូវយុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ ដែលបានរំដោះ ប្រជាពលរដ្ឋចេញពីរបប បនប្រល័យពូជសាសន៍ ប៉ុល ពត បន្តស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ទទួលបាននូវការរីកចំរើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។
លោក ស្វាយ ស៊ីថា បានបន្ថែមថា ការដែលបងប្អូនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ជាការលើកទឹកចិត្ត ដល់ក្រុមការងារ និងក្រុមប្រឹក្សាឃុំ បន្តខិតខំអភិវឌ្ឍភូមិឃុំឲ្យកាន់តែរីកចំរើនថែមទៀត ដោយលោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងគ្រាលំបាក រហូតមកដល់ភាព សប្បាយរីករាយ ដូចសព្វថ្ងៃ នឹងបន្តកសាង អភិវឌ្ឍ ក៏ដូចជាការផ្តល់សេវាសាធារណៈបំរើប្រជាពលរដ្ឋឲ្យកាន់តែបានល្អប្រសើរ។
ជាការផ្តាំផ្ញើ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តចុះជួយកសាង អភិវឌ្ឍ និងដោះ
ស្រាយបញ្ហានានាជូនប្រជាពលរដ្ឋជារៀងរហូតដូចភ្លៀងរលឹម គឺបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ជានិច្ច។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាធ្លុងសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ និងបញ្ចប់នូវការថ្នាំងថ្នាក់គ្នា ផ្ទុយទៅវិញរួមកម្លាំងគ្នា កសាង អភិវឌ្ឍភូមិឃុំឲ្យបានសម្បូរ
សប្បាយថែមទៀត និងសូមទៅបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យ បានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខកុំបីខាន៕