(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហេង ស៊ីវលាង អ្នកជំនួញមួយរូបនៅកម្ពុជា បានបើកសម្ពោធ និងដាក់លក់ជាផ្លូវការ នូវហាងកាហ្វេ Amazon សាខាអង្គឌួង ដែលមានទីតាំង នៅតាមបណ្តោយផ្លួវនរោត្តម ជិតស្ពាននាគវត្តភ្នំ បន្ទាប់ពីបានសម្ពោធសាខាសូរិយា កាលពីប៉ុន្មានថ្ងៃមុននេះ ដែលទាំងអស់នេះ បង្ហាញពីភាពរីកចម្រើន នៃវិស័យឯកជននៅកម្ពុជា។
ការសម្ពោធ និងដាក់លក់នូវហាងកាហ្វេថ្មី Amazon សាខាអង្គឌួងនេះ មានការចូលរួមពីលោក សុថុន ធូធាន អ្នកគ្រប់គ្រងហាងកាហ្វេ Amazon នៅកម្ពុជា, លោក ឆាតឆៃ សេងអារុណ អ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ហ្ការ៉ាស់សាំង Ptt និងហាងកាហ្វេ Amazon នៅកម្ពុជា រួមនឹងដៃគូពាណិជ្ជកម្មរបស់ហាងកាហ្វេ Amazon។
ក្នុងឱកាសនោះ លោក ហេង ស៊ីវលាង អគ្គនាយកហាងកាហ្វេ Amazon សាខាអង្គឌួង និងសូរិយា បានលើកឡើងថា «សេដ្ឋកិច្ចរបស់កម្ពុជា ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធាជាងមុន គួបសមនឹងការចូលចិត្ត ពិសាកាហ្វេទាំងក្មេង និងចាស់ផងដែរនោះ ទើបខ្ញុំសម្រេចចិត្តបន្ថែមសាខាថ្មីមួយទៀត តបតាមតម្រូវការរបស់ពួកគាត់ ដែលចូលចិត្តពិសាកាហ្វេ»។
លោកបន្ថែមថា ហាងកាហ្វេរបស់លោក អាចលក់បានរហូតដល់ទៅជាង១ពាន់កែវក្នុងមួយថ្ងៃ បើទោះបីជាមានហាងកាហ្វេម៉ាកផ្សេងៗជាច្រើនទៀត កំពុងប្រកួតប្រជែង នៅក្នុងទីផ្សារជាមួយគ្នាក្តី៖ «ខ្ញុំនឹងពង្រីកទីផ្សារបន្ថែមទៀត ដោយចាប់ពី៣ទៅ៤សាខាក្នុងពេលខាងមុខនេះ»។
សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាហាងកាហ្វេ Amazon ចាប់ផ្តើមសម្ពោធ និងដាក់លក់ជាផ្លូវការ ដំបូងក្នុងឆ្នាំ២០១៣ ក្នុងសាខាផ្សារច្បារអំពៅ។ រហូតមកដល់នឹងពេលនេះ ហាងកាហ្វេ Amazon មាន៤៣សាខាហើយ សម្រាប់ក្នុងឆ្នាំ២០១៧។ «ក្រុមហ៊ុនហាងកាហ្វេ Amazon នឹងមានគម្រោងរហូតដល់ទៅ ៧០សាខាបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាការគាំទ្រ របស់អតិថិជនផងដែរ» បើតាមការបញ្ជាកពី លោក ឆាតឆៃ សេងអារុណ។ សព្វថ្ងៃនេះ Amazon មានសាខាក្រៅប្រទេសដូចជា កម្ពុជា,ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសជប៉ុនផងដែរ៕