(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានសរសេរនូវអត្ថបទមួយ បង្ហោះនៅលើ Facebook ផ្លូវការរបស់លោក ដោយក្នុងអត្ថបទដ៏មានអត្ថន័យ បានពន្យល់ពីដើមកំណើត នៃការប្រើប្រាស់ពាក្យ «ផ្លាសប់ប្តូរ​ ឬ​ ដូរ​ = change» ដែលកំពុងក្លាយជាសារនយោបាយនៅកម្ពុជា។   

ខាងក្រោមនេះ គឺអត្ថបទទាំងស្រុងរបស់លោក ហេង រតនា៖

ពាក្យ​ «ផ្លាស់ប្តូរ​ ឬ​ ដូរ​ = change»​ បានក្លាយជាសារនយោបាយ​នៅកម្ពុជា​ តើពាក្យដូរនេះ បានចាប់កំណើតពីកន្លងណាមក​?​ ហើយក្នុងវគ្គស័ព្ទខែ្មរ​ ពាក្យ «​ដូរ»​ និង​ ពាក្យ​ «ដេញ»​ មានខ្លឹមសារផេ្សងគ្នា​!​ ពាក្យប្តូរក្នុងសារនយោបាយនេះ​ ត្រូវបានប្រើប្រាស់ជា​ ទិសស្លោកដោយគណបក្សនយោបាយ ប្រជាធិបតេយ្យរបស់អាមេរិក នៅឆ្នាំ២០០៨-២០០៩។

១៖​ នៅសហរដ្ឋអាមេរិក​ ជាមួយខ្លឹមសារពេញលេញ​នៃពាក្យថាដូរ គឺ​ការផ្លាស់ប្តូរ​ យើងអាចជឿជាក់បាន!​ Change we can believe in!​ ការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅពេលនោះ​ គេចង់ប្តូរចេញពីបក្សសាធារណរដ្ឋ គោលដៅសំខាន់ជាងគេ​នោះ គឺបញ្ចប់សង្គ្រាម ឬដកកំលាំងកងទព័អាមេរិក ពីសង្គ្រាមនៅអ៉ីរ៉ាក់​ និងអាហ្វានីស្ថាន!​ ប្តូរពីបដិវត្តដោយកំលាំងយោធា​ ជាបដិវត្តពណ៌​ ឬគោលនយោបាយថ្មី!!

២៖​ នៅជប៉ុន​ ខែសីហា​ ឆ្នាំ២០០៩៖​ ពាក្យផ្លាស់ប្តូរ ឬដូរ​ ត្រូវបានគណបក្សប្រជាធិបតេយ្យជប៉ុន​ យកមកប្រើប្រាស់ដោយសារមួយផ្នែក អាចមកពីឥទិ្ធពលអាមេរិកនៅជប៉ុន​ តែគោលដៅប្រើដូរនៅជប៉ុន នៅយុទ្ធការបោះឆ្នោតនោះ​ គឺដូរទីតាំងយោធាអាមេរិក នៅអូគីណាវ៉ា​ចេញ​!​ ដោយសារប្រជាជនជប៉ុន ពេលនោះចង់បណ្តេញកងទព័អាមេរិក ចេញពីដែនដីអូគីណាវ៉ា!​ តែនៅពេលដូរតាមការសន្យា របស់ខ្លួនមិនបាន​ លោកនាយករដ្ឋមន្ត្រី​ គីយីអូ​ ហាតូយ៉ាម៉ា​ ក៏ដូរខ្លួនគាត់​ គឺ​លាលែងពីតំណែង!​ នេះជាសីលធម៌ជនជាតិជប៉ុន!​

៣៖​ ពាក្យប្តូរ​នេះ​ ក៏ចាប់ផ្តើមធ្វើជាពាក្យស្លោក ក្នុងបាតុកម្មបំរើបដិវត្តពណ៌ នៅប្រទេសអេហ្សីប​ លីបី​ ​ទុយនេស៉ី​ អ៊ុយក្រែន​ និងនៅប្រទេសស៉ីរី​ ។​ ពាក្យ «ដូរ»​ បានក្លាយជាពាក្យ «​ដេញ»​ ដោយបានធ្វើបាតុក​ម្មទំលាក់​ របបដឹកនាំនៃប្រទេស​ ហើយក្លាយជាសង្គ្រាមមកដល់សព្វថៃ្ងនេះ!!​

នៅកម្ពុជា​បោះឆ្នោតឆ្នាំ២០១៣​៖​ ពាក្យ​ «ផ្លាស់ប្តូរ​ ឬដូរ​ = Change» ត្រូវបានគេហ្វូតូកូពី​ យកមកប្រើយ៉ាងពេញនិយមដែរ​ ដោយដំបូង​គេជំរុញប្រើពាក្យដូរនេះ​ សំដៅដូរគណបក្សប្រជាជន និងប្តូរ សម្តេចតេជោ​ ឈប់ឲ្យដឹកនាំប្រទេស​ ហើយប្រកាសថា ពួកគេបានសាកសម​ជាអ្នកដឹកនាំប្រទេស​ ព្រោះជាអ្នកសេ្នហាជាតិ​ ស្នេហាប្រជាពលរដ្ឋ​ ស្នេហាយុតិ្តធម៌សង្គម​ និងស្អាតស្អំ​ ដោយចោទប្រកាន់គណបក្សប្រជាជន​ ជា​ការដឹកនាំ​ផ្តាច់ការ​ ពុករលួយ​ អយុតិ្តធម៌សង្គម​ បាត់បង់ទឹកដីទៅយួន​ ការពារយួនរស់នៅខុសច្បាប់​ រំលោភដីធ្លី​ប្រជាពលរដ្ឋ​ អត់ការងារធ្វើ​ ផលិតផលកសិកម្មថោក​ ប្រាក់ខែទាប​ ការប្រើប្រាស់ផែនទីក្លែងក្លាយ​ បំផ្លាញបរិស្ថានព្រៃឈើបឹងបួរ ។ល។​ និង។ល។

​អ្វីគួរឲ្យយកចិត្តទុកដាក់ នៃគោលដៅចុងក្រោយពាក្យដូរនេះ​ បានធ្វើការប្រែក្លាយខ្លួន និងញុះញង់បង្កើតជាមាគ៌ាថ្មីមួយ នៃការផ្លាស់ប្តូរ គឺពីពាក្យថា​ ដូរទៅជាដេញចេញទៅវិញ​ ជាក់ស្តែងបានដាក់ពាក្យស្លោកថា «ហ៊ុន​ សែន​ អើយ!​ចុះចេញទៅ!​​ =​ Hun Sen You must go!»​ បានន័យថាពាក្យ «ដូរ» យកមកអនុវត្តនោះបានក្លាយ ពី​ «ផ្លាស់ប្តូរ​ ឬដូរ​ ទៅជា​ បណ្តេញចេញវិញ!» ដែលទង្វើនេះជាចំនុចចាប់ផ្តើមមួយ នៃបដិវត្តពណ៌នៅកម្ពុជា​ ដូចគ្នាសភាពការណ៍នៅស៉ីរី​ លីប៊ីដែរ​ ហើយការចាប់ផ្តើមនៅកម្ពុជា អាចរាលដាលល់បណ្តាប្រទេសអាស៊ានមួយចំនួនទៀតដែរ!!​

ហើយចំហាយពាក្យផ្លាស់ប្តូរ ត្រូវបានព្យាយាមយកប្រើបន្តទៀត ​នៅបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១៧​ តាមរយៈការបង្កើតពាក្យស្លោក​ «​ដូរមេឃុំបំរើបក្ស​ ដាក់មេឃុំបំរើរាស្ត្រ»​ តែគ្រាន់តែពាក្យស្លោកនេះ ចាប់កំណើតមក​ ក៏ត្រូវបានសម្លាប់ចោលទៅវិញ!​ គិតទៅពាក្យតែមួយម៉ាត់ទេ​ តែបើសិនជាគ្រប់គ្រងវាមិនបាន​ទេនោះ​ វានឹងបាត់គោលដៅរបស់វាទាំងស្រុង​ ហើយអាចប្រែក្លាយជាសោកដនកម្ម និងបង្កទុក្ខវេទនា​យ៉ាងធំធេង ចំពោះជាតិនិងប្រជាជន!

នៅទសវត្សរ៍ឆ្នាំ៦០​ (១៩៦៥) លោក​ លី​ ខ្វាន់យូ​ បានលើកយកទស្សនវិទ្យានយោបាយមកទប់ទល់​ ជាមួយពាក្យឬចលនា​ផ្លាស់ប្តូរ​ នៃឥទិ្ធពលសង្គ្រាមវប្បធម៌​ និងការឆាបឆេះសង្គ្រាម នៅឥណ្ឌូចិនកាន់តែខ្លាំងក្លានោះ​!​ ទស្សនៈលើកឡើងថា​ «កុំធ្វើការផ្លាស់ប្តូរ​ពី មិនដូរ​ ទៅ​ ​ដូរ»​ (ពីថាទេ​ ទៅថាបាទ)​ កុំធ្វើជាមនុស្សភ្លីភ្លើពេក។​ ប្រសិនជាមានហេតុផលល្អ ដែលមិនដូរនោះ​ ត្រូវតែរក្សាជំហរថាមិនដូរ​ ដោយគ្រាន់តែប្រាប់ពួកទាំងនោះ ដោយសមរម្យទៅបានហើយ!​ =​ Don't change "No" to " Yes". Don't be a fool. If there was a good reason why it is "No" it must remain "No," but the man must be told politely!

តើទាំងអ្នកបានស្លាប់​ រងរបួស​ ការបំផ្លាញទ្រព្យសម្បតិ្តក្រុមហ៊ុន​ឯកជន​ និងសាធារណៈ​ ដោយសារចលនាបាតុកម្ម នៅឆ្នាំ​២០១៣-២០១៤ មានអ្នកណាទទួលខុសត្រូវឬនៅ?