(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ពីភាពពិតប្រាកដនៃប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺមានការចូលរួមពីគណបក្សនយោបាយនានា។
ថ្លែងក្នុងឱកាស ដឹកនាំក្រុមការងារស្រុកកំចាយមារ ចុះពង្រឹងការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ក្នុងខេត្តព្រៃវែង លោក វង សូត ក៏បានជម្រុញដល់មន្ត្រីបក្សក្នុងមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ក្នុងការកសាងសមាជិកបក្ស និងត្រូវយល់អំពីសុខទុក្ខរបស់សមាជិកបក្ស ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដើម្បីដណ្តើមប្រៀបឈ្នះក្នុង ការបោះឆ្នោត ស័ក្តិសមទៅនឹងការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ នៅក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដែលបានធ្វើអ្វីៗដើម្បីជាតិ និងដើម្បីប្រជាជននោះ។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ បានផ្ដាំផ្ញើសមាជិក និងអ្នកគាំទ្រ ត្រូវឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕