(ភ្នំពេញ)៖ ក្រុមបញ្ញន្ធនៃសង្គមស៊ីវីល ក្រុមមាននិន្នាការប្រឆាំង និងសូម្បីពួកកណ្តាលនិយម ដែលបន្ទរដោយវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក មានទំនោរគាំទ្រទៅបក្សប្រឆាំង បាននាំគ្នារិះគន់យ៉ាងធ្ងន់ធ្ងរ មកថ្នាក់ដឹកនាំជានខ្ពស់បំផុតរដ្ឋាភិបាល រួមមានសម្តេចតេជោ សែន និងឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថាជាការគម្រាមកំហែង និងបំភិតបំភ័យ មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ។
បើពិនិត្យមើលមួយភ្លែត និងតែមួយជ្រុង នរណាក៏អាចងាយជឿថា នេះជាការបំភិតបំភ័យទៅក្រុមនយោបាយ គណបក្សប្រឆាំងដែរ ប៉ុន្តែ សុភា ទន្សាយ ដែលចូលចិត្តតាមដាន និងវិភាគសង្គម និងមិនមានទំនោរទៅរដ្ឋាភិបាល ឬបក្សប្រឆាំងសោះ សូមលើកទហ្សីករណ៍ខ្លះ ដើម្បីបានចូលរួមវិភាគជាមួយគ្នា គ្រាន់បានជាមូលដ្ឋានខ្លះ ក្នុងការពិចារណា ជៀសវៀងការជឿតាមគេ ក្នុងផ្លូវមិនត្រឹមត្រូវមួយ និងនាំទៅដល់ការខាតបង់ខ្លួនឯង... ជាពិសេសខាតបង់ចិត្ត និងគំនិតទៅជឿរឿងដែលមនុស្សទុច្ចរិត ព្យាយាមទាញទៅរកផ្លូវមិនស្អាតស្អំមួយ ងាយពួកគេទាញយកចំណេញ ពីស្ថានភាពទាំងនេះ។
មុនចាប់ផ្តើមរួមគ្នាវិភាគទៅលើនិន្នាការ និងបរិបទពាក់ព័ន្ធថ្មីៗកន្ងទៅនេះ សុភា ទន្សាយ សូមផ្តើមជាមួយការចាប់អារម្មណ៍ ដូចខាងក្រោម៖
១៖ នរណាបានឮដោយខ្លួនឯងថា សម្តេចបានមានប្រសាន៍ថា បើជ្រើសរើសបក្សខុស ឬគណបក្សថ្មីជាប់ឆ្នោត សង្គ្រាមនឹងបានកើតជាថ្មី? លោកអ្នកប្រាកដជាលួចឆ្លើយក្នុងចិត្តថា បានឮពីសារព័ត៌មានអនឡាញ និងហ្វេសប៊ុក ច្រើនជាង បានឮប្រសាសន៍លោកផ្ទាល់ នៅក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំ នាពេលកន្លងមក? ប្រាកដហើយ សម្តេចពិតជាចង់មានអត្ថន័យដូច្នោះមែន ហើយប្រសាសន៍នេះ ជឿថា ពិតជាត្រឹមត្រូវ។ ហេតុអ្វី? ការពន្យល់ពីមូលដ្ឋាន នៃសេចក្តីសន្មត់ដូច្នេះ នឹងពិភាក្សាគ្នាលំអិតនឹង មានផ្តល់ជូនដូចខាងក្រោម។
២៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងពិធីនាសប្តាហ៍កន្លងទៅថ្មីៗនេះដែរថា កងទ័ពលោកនឹងដាល់បំបែកធ្មេញ ទៅដល់អ្នកតវ៉ាណា ដែលមិនទទួលយកទ្ធផលឆ្នោត ដែលនឹងធ្វើការតវ៉ានៅលើដងផ្លូវនានា។ នរណាក៏ជឿថា ពាក្យសំដីនេះមិនសាកសម ហើយវារឹតតែមិនគួរលើកឡើង ក្នុងគ្រាដែលការឃោសនា និងការបោះឆ្នោតឃុំ កំពុងនិងជិតឈានជិតមកដល់។ មែន! សុភា ទន្សាយ ក៏យល់ស្របដែរថា ពាក្យនេះមិនគួប្រើក្នុងពេលនេះ តែបើពាក្យពេជន៍ដ៏ម៉ឺងម៉ាត់ទាំងនេះ បានយកមកប្រើមុនពេលសម្តេចតេជោ មានប្រសាសន៍ពីសង្គ្រាម គឺកាន់តែសាកសម ព្រោះហាក់ដូចជាបានជូនដំណឹងមុន និងបានផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ឲ្យអ្នករង់ចាំបដិសេធលទ្ធផលឆ្នោត មានការត្រៀមទុក និងប្រុងប្រយ័ត្នជាងមុន ជាជាងបង្កើតកំហុសដដែលៗ បង្កបញ្ហាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គមជាតិ ហើយឆ្លៀតកេងយកចំណេញ ផ្នែកនយោបាយសម្រាប់បក្សខ្លួន។
៣៖ កន្លែងណាជាចំណុចត្រូវ និងចំណុចខុស នៃចំណុចដែលបានលើកឡើងក្នុងឃ្លាខាងលើ? សុភា ទន្សាយ សូមធ្វើការវ៉ែកញ៉ែក និងសូមចូលរួមពិភាក្សាជាមួយគ្នា ជាមួយហេតុ និងផល ដូចខាងក្រោមនេះ៖
ក៖ តាមការសិក្សាស៊ីជម្រៅពីចិត្តសាស្ត្រ និងចិត្តវិទ្យា ដោយយកចិត្តទុកដាក់ទៅលើឥរិយាបទ ប្រសាសន៍ និងអកប្បកិរិយារបស់ សម្តេចតេជោ ភាគរយតិចណាស់ ដែលលោកចង់បញ្ជាក់ថា លោកមិនមែនជាអ្នកបង្កការគម្រាមពីសង្គ្រាម? ហេតុអ្វី? ចិត្តសាស្ត្រ និងវិទ្យាសាស្ត្រពន្យល់ថា វិរៈជនជាតិជាបុគ្គលនាំមកនូវសន្តិភាព ជូនជាតិមាតុភូមិ មិនអាចទៅបង្ក និងបង្កើតសង្គ្រាមវិញបានទេ។ បើករណីអាក្រក់បំផុតនៃសង្គ្រាម ដែលអាចកើតមានរបស់បុគ្គលបែបនេះ គឺថា លោកនឹងចាប់ផ្តើមសង្គ្រាមភ្លាម ក្នុងពេលមួយចាំបាច់មែន ប៉ុន្តែដើម្បីហេតុផល នៃការនាំមកនូវសន្តិភាពតែប៉ុណ្ណោះ ដូចគ្នាទៅនឹងអ្វីដែលជាពលីកម្មរបស់លោក ដើម្បីរំដោះកម្ពុជាចេញពីបនប្រល័យពូជសាសន៍ ដូចកាលពី២៨ឆ្នាំមុននោះដែរ។
បើសុភា ទន្សាយ បានពន្យល់ដូច្នេះ អ្នករាល់គ្នាអាចនឹងសួរបន្តថា បើអញ្ចឹងសង្គ្រាមដែលនឹងកើតក្រោយរើសបក្សខុស ឬបក្សថ្មីកាន់អំណាចនោះ អាចនឹងកើតមានឡើងដោយរបៀបណា? មិនពិបាកយល់ទេ ហើយអ្នករាល់គ្នាក៏ធ្លាប់និយាយលេងបែបចំអកមកថា បក្សប្រជាជនគម្រាមមកថា បក្សថ្មីឈ្នះ សង្គ្រាមនឹងកើតឡើងហើយនោះ។ ចំណុចនេះ សុភា ទន្សាយ បានធ្វើការសិក្សាពីសារបាន ហើយចង់បញ្ជាក់អះអាងតបថា ពាក្យសង្គ្រាមនេះពិតជាត្រូវ ហើយប្រាកដជានឹងកើតមានមែន បើបក្សសង្គ្រោះជាតិបានឈ្នះឆ្នោតនោះ មូលហេតុសមញ្ញ គឺមិនពិបាកយល់ថា នរណាៗក៏ដឹងឮដែរថា លោក សម រង្ស៊ី ធ្លាប់បានប្រកាសក្តែងៗថា នៅពេលបក្សសង្គ្រោះជាតិឈ្នះឆ្នោត ខ្លួននឹងរឹបអូសទ្រព្យសម្បតិអ្នកមាន និងឧកញ៉ាទាំងឡាយណាដែលជឿថា ធ្វើមានបានពីទ្រព្យសម្បត្តិរដ្ឋ ឬពុករលួយ.. និងថាបក្សខ្លួននឹងលប់ចោល នូវគ្រប់កិច្ចសន្យាទាំងឡាយណា បានធ្វើជាមួយរដ្ឋ ឬកិច្ចសន្យាដីសម្បទាននានា ដែលមានអាយុកាល៩៩ឆ្នាំ? និងការលើកឡើងជាច្រើនទៀត ដែលមានចេតនាបំពាន ទៅដល់មន្ត្រីរាជការជាន់ខ្ពស់ ដែលកំពុងស្ថិតក្នុងឋានៈ ហាក់ចង់បញ្ជាក់ថា គ្មានអ្នកណាអាចរួចខ្លួនបានទេ។
នាពេលថ្មីៗនេះ លោកកឹម សុខា ឃោសនាដោយសន្យាលប់ចោលក្រសួងអភិវឌ្ឍន៍ជបទ ។ល។ និង។ល។ តើមនុស្សប៉ុន្មាន ម៉ឺនសែននាក់ដែលគាត់ចង់សំដៅ? ប្រជាជនប៉ុន្មានលាននាក់ នឹងទទួលរងប៉ះពាល់ដោយគ្មាន ក្រសួងអភិវឌ្ឍជនបទ? ដោយចងចាំបានយ៉ាងច្បាស់ នូវពាក្យទាំងនេះ អ្នកទាំងនោះដែលបុគ្គល សម រង្ស៊ី ចង់និយាយសំដៅ ច្បាស់ណាស់នឹងជឿថា ទោះខ្លួនខុស ឬមិនខុស បើគេមានចេទនា និងផែនការនឹងធ្វើដូច្នោះមែន ហើយគេហ៊ាននិយាយ ក្នុងពេលគេមិនទាន់ មានអំណាចនៅឡើយ ទំរាំមានអំណាចមែន គេនឹងធ្វើអ្វីស្រេចតែចិត្តមែន ដូច្នេះរួមទាំង សុភា ទន្សាយ ខ្ញុំផង ទោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែបើគិតនិងយល់ឃើញថា គេគម្រាមដល់អនាគតនៃសន្តិភាពប្រទេសខ្លួន ក្រុមគ្រួសារ និងអាយុជីវិតប្រពន្ធកូន ប្រាកដណាស់ពួកយើង នឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីដណ្តើមរស់ និងការពារសមិទ្ធិផលរបស់ខ្លួន ជាជាងទុកឲ្យគេធ្វើអ្វីស្រេចតែចិត្ត ដករង់ចាំគេធ្វើបាបទាំងពិបាករស់ និងពិបាកស្លាប់នោះ។
លើសព៏នេះទៀត ត្រង់លុបក្រសួងអភិវឌ្ឍន៍ជនបទ ពេលដែលស្តាប់សារ កឹម សុខា ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិមានការអាក់អន់ចិត្តយ៉ាងខ្លាំង ហាក់ដូចជាបានបំភ្លេច កិច្ចខិតខំប្រឹងប្រែងរដ្ឋាភិបាល និងសង្គមស៊ីវិលជួយលើកតម្កើងជីវភាពរាស្ត្រ អភិវឌ្ឍតាមជនបទនានា។
ខ៖ ដោយឡែក ការដកស្រង់មិនផ្លូវការពីប្រសាសន៍ ថ្នាក់ដឹកនាំប្រទេសកម្ពុជា នាពេលកន្លងទៅបានដោយដឹងថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានពន្យល់នាពេលកន្លងមកហើយថា សង្គ្រាមវានឹងកើតចេញពីណា? ខ្លាចតែអ្នកមិនព្រមបើកចិត្តស្តាប់ការវិភាគទេ ដែលនៅតែមិនដឹងរឿង។ ស្របជាមួយគ្នានេះដែរ ការបញ្ជាក់ពីអ្នកនាំពាក្យ គណបក្សប្រជាជនវិញ លោក សុខ ឥសាន្ត ក៏បានបំភ្លឺ និងលើកឡើងដែរថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលួចចុះហត្ថលេខា ព្រមព្រៀងសហការជាមួយ យួនសេរីរួចហើយរាប់ឆ្នាំហើយ គាត់នឹងប្រគល់ទឹកដីតំបន់ឥសាន ឲ្យយួនសេរីដាក់ទីតាំងកងទ័ព វ៉ៃរដ្ឋាភិបាលយួនសព្វថ្ងៃ ពេលនោះហើយ ទោះចង់មិនចង់ ដែលសង្គ្រាមប្រាកដជា នឹងកើតឡើងមិនខាន។ ក្រៅពីនេះ សង្គ្រាមមិនចាំបាច់កើតឡើង ដោយភាគីទាំងពីរមានអាវុធទេ ទង្វើរបស់សង្គ្រោះជាតិ ជាពិសេសសកម្មជនបក្ស ជ្រុលនិយមមួយចំនួន កំពុងប្រើប្រាស់ពាក្យពេចន៍ជេរប្រមាថ ញុះញង់ រើសអើងប្រកាន់ពូជសាសន៍ និងជេរគេថាជាជនក្បត់ជាតិ អាយ៉ងបរទេស ក៏អាចផ្ទុះកើតជាសង្គ្រាមបានដែរ។ នេះបើតាមអ្នកវិភាគសង្គមមួយចំនួន បានលើកឡើង។
គ៖ សរុបមកវិញ នរណាពិតប្រាកដជាអ្នកដែល បានគម្រាមបង្កើតសង្គ្រាម និងប្រកាសគម្រាមដោយសង្គ្រាម? បើតាមការសិក្សាឥរិយាបទបន្ថែមទៅលើ សម្តេចតេជោ ដែលកំពុងស្ថិតក្នុងអំណាចស្រាប់ លោកមិនបាន និងមានចេទនាគម្រាមទេ លោកគ្រាន់តែប្រាប់ពីបញ្ហា ដែលនឹងកើតមាន ព្រោះបើនិយាយឲ្យអាក្រក់ស្តាប់បំផុតថា ទោះបីជាបក្សប្រជាជនលោកចាញ់ឆ្នោតមែនទៅចុះ ក៏មិនមែនលោកចង់មានប្រសាសន៍ក្នុងពេលនេះ ជាពេលត្រៀមបោះឆ្នោតឃុំដែរ ដែលវាមិនស្ថិតក្នុងកាលៈទេសៈសំខាន់បំផុត ដូចការបោះឆ្នោតថ្នាក់ជាតិ ព្រោះថា ស្ថានភាពមានលក្ខណៈខុសគ្នា ទាំងស្រុងនោះ។
មួយវិញទៀត បើទោះជាលោកមានប្រសាន៍ ក្នុងមុនពេលបោះឆ្នោតជាតិ ក៏នៅតែមិនអាចជាការគម្រាមដែរ ដ្បិតថាការផ្ទេរអំណាចដោយបដិសេធ មិនផ្ទេរជូនអ្នកថ្មី គណបក្សប្រជាជននៅតែអាចធ្វើបាន ហើយអាចគ្រប់គ្រងគ្រប់ស្ថានការណ៍ទាំងអស់ ទាំងអំណាចស៊ីវិល និងយោធា ដូច្នេះបើចាំបាច់ថា មិនព្រមប្រគល់អំណាច ក៏សង្គ្រាមមិនអាចកើតមានដែរ ព្រោះមិនដឹងធ្វើសង្គ្រាមជាមួយអ្នកណាផង បើមានគឺមានតែក្នុងករណីក្រុមប្រឆាំង បង្កើតក្រុមប្រដាប់ធាវុធខុសច្បាប់ណាមួយ ធ្វើសង្គ្រាមបដិវត្តជាមួយរដ្ឋាភិបាល ដើម្បីលួចតតាំងដណ្តើមយកការផ្ទេរអំណាច ពីគណបក្សកាន់អំណាចប៉ុណ្ណោះ? ហើយពេលនោះ អាចចង្ខំឲ្យបក្សកាន់អំណាច ចាប់ផ្តើមតបតសង្គ្រាម ដើម្បីបង្ក្រាបសង្គ្រាម ដើម្បីសណ្តើមសន្តិភាព ជូនប្រជាជនជាថ្មី។
ឃ៖ ចុះប្រសាសន៍ឧបនាយករដ្ឋមន្ត្រីការពារជាតិ ពិតជាត្រឹមត្រូវទេ? បើលោកអ្នកយកចិត្តទុកដាក់ អានហេតុផលពន្យល់ខាងលើដែល សុភា ទន្សាយ ខិតខំព្យាយាមពន្យល់មក ក៏ល្មមឆ្លាតគ្រប់គ្រាន់ ដើម្បីពិចារណា និងស្វែងយល់បានហើយ ហើយ សុភា ទន្សាយ ក៏មិនពិបាកនឹងគិតរកចម្លើយថ្មីមកបន្ថែម ហើយមិនហត់នឹងសរសេរពន្យល់អ្នក ដែលបានយល់ហើយ ធ្វើជាមិនយល់នោះដែរ។
សរុបសេចក្តីមក សុភា ទន្សាយ សូមជម្រាបថា វាជាការពិតហើយថា ពាក្យថាសង្គ្រាម វាពិតជាពាក្យគម្រាម និងក៏ជាការពិតដែរ តែវាខុសត្រង់ថា នរណាជាអ្នកបង្ក និងអ្នកណាជាអ្នកធ្វើវា ឲ្យក្លាយជាការពិតប៉ុណ្ណោះ។ ច្បាស់ណាស់មិនមែនសម្តេចតេជោ និងឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិដែរ បើនឹងអាចកើតមានមែន នោះអ្នកគួយល់ច្បាស់ លើការវិនិច្ឆ័យ និងសម្រេចចិត្តមួយ ដែលត្រឹមត្រូវបែបណាហើយ ព្រោះថា វាមិនដែលហួសពេលទេ ដើម្បីសម្រេចចិត្តឲ្យត្រឹមត្រូវ ជ្រើសរើសការចាកឆ្ងាយពីសង្គ្រាមនោះ ព្រោះថាតម្លៃនៃសង្គ្រាម មានតែការបាត់បង់អាយុជីវិត ការបែកបាក់គ្រួសារ និងការរងទុក្ខវេទនា រកទីបំផុតគ្មាន ដែលពិភពលោកនេះនៅមិនទាន់រកពាក្យសមញ្ញមួយម៉ាត់ ដើម្បីយកមកបរិយាយជំនួស៕
ដោយ៖ សុភា ទន្សាយ