(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដាស់តឿនសមាជិកបក្ស និងប្រជាពលរដ្ឋឲ្យត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ មុននឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ និងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

ការអំពាវនាវនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្សនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត ឈានចូលថ្ងៃទី៨ ផងដែរ។

លោកបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឈានទៅរកភាពរីកចម្រើនរុងរឿង ប្រកបដោយសុខដុមនីយកម្ម ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរលើគ្រប់វិស័យ។

លោកប្រធានក្រុមការងារ បានដាស់តឿនដល់ពលរដ្ឋកុំជឿលើការឃោសនារបស់គណបក្សដទៃ ដែលកំពុងប្រើនយោបាយប្រជាភិថុត គឺសន្យាខ្យល់ ដើម្បីលួងលោមបោកប្រាស់ និងភូតកុហកប្រជាពលរដ្ឋ ក្នុងការបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូនដល់សមាជិកបក្សទាំងអស់ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការបោះឆ្នោត ស្គាល់ឱ្យច្បាស់ អំពីលេខរៀងបក្ស សញ្ញាបក្ស ដើម្បីជៀសវាងការភ័ន្តច្រឡំនឹងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា  ដើម្បីទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងនេះ៕