(ពោធិ៍សាត់)៖ អធិការស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ធាង ឡេង បានបញ្ជាក់ប្រាប់ភ្នាក់ងារយកព័ត៌មាន របស់អង្គភាព​ព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា ក្មេងប្រុសអាយុ៦ឆ្នាំ ដែលត្រូវលោក យ៉ាន់ សេងហ៊ន ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើករថយន្តបុកហើយរត់គេច យករួចខ្លួនមិនទទួលសុខត្រូវ នាថ្ងៃទី២៧ ខែឧសភាម្សិលមិញ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្តពីមន្ទីរពេទ្យខេត្តបាត់ដំបង ទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។  

លោកអធិការបានបញ្ជាក់ថា កុមាររងគ្រោះ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ បានរងរបួសចំក្បាលធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យសម្រេចបញ្ជូន ទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រុមគ្រួសារពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា កំពុងជួយសង្គ្រោះបន្ទាន់។

លោកអធិការបានឲ្យដឹងទៀតថា ដោយឡែកជនសង្ស័យ ជាប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ គឺលោក យ៉ាន់ សេងហ៊ត ដែលបានបើករថយន្តបុកក្មេងប្រុស បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្យាយាមបើករថយន្តគេចខ្លួនជាច្រើនគីឡូម៉ែត្រ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកវាលវែង ជាមួយនឹងវត្ថុតាង ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូន បន្តទៅស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៨ ខែឧសភានេះ ដើម្បីបន្តសំណុំរឿង។

ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងប្រមាណ៤៖៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ លោក យ៉ាន់ សេងហ៊ត ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បានបើករថយន្តម៉ាក PAJERO ពាក់ស្លាកលេខ ភ្នំពេញ 2G-1466 បុកក្មេងប្រុសរងគ្រោះម្នាក់ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ រងរបួសចំក្បាលធ្ងន់ធ្ងរ កំពុងត្រូវសង្គ្រោះបន្ទាន់ ស្ថិតនៅលើផ្លូវលេខ៥៥  ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមលោក សារុន ចាន់ធី ក្រោយបង្កគ្រោះថ្នាក់ហើយ លោក យ៉ាន់ សេងហ៊ត មិនបានឈប់ដោះស្រាយ ឬមើលក្មេងរងគ្រោះនោះទេ បែរជាបន្ថែមល្បឿនរថយន្តគេចខ្លួន រហូតដល់ស្រុកភ្នំក្រវ៉ាញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ពាក់ព័ន្ធនឹងទង្វើរបស់លោក យ៉ាន់ សេងហ៊ត ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើករថយន្តបុកក្មេង​ហើយ មិនទទួលខុសត្រូវនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះក្នុងនាមជាអ្នកនយោបាយ​មួយរូប មិនគួរណា​ប្រព្រឹត្តិកំហុសហើយ បើករថយន្តរត់យករួចខ្លួន មិនគិតពីអាយុជីវិតរបស់ក្មេង ដែលកំពុងរងរបួសធ្ងន់ដោយសារ​កំហុសរបស់ខ្លួននោះឡើយ៕