(ពោធិ៍សាត់)៖ ​គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន បណ្ដាលមកពីរថយន្ដកូរ៉េមួយគ្រឿង ជ្រុលទៅបុករថយន្ដនីសាន់ពីក្រោយ ដែលកំពុងឈប់ស្ងៀម បណ្ដាលឲ្យព្រូឡានរថយន្ដកូរ៉េរងរបួសធ្ងន់។

មន្ដ្រីនគរបាលស្រុកបាកាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដកូរ៉េ ហុកឡ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ3A-1003 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុករថយន្ដនីសាន់ ពណ៌ត្រួយចែក ពាក់ស្លាកលេខតាកែវ3A-2254 ពីក្រោយពេញទំហឹង ដែលកំពុងចតលើចិញ្ចើមផ្លូវ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលឲ្យព្រូឡានរបស់រថយន្ដកូរ៉េគៀប ក្នុងកាប៊ីនរថយន្ដរងរបួសធ្ងន់ ឈ្មោះ ជេស ទី អាយុ៣០ឆ្នាំ ដោយឡែកតៃកុងឈ្មោះ ជេស សុខា រងរបួសស្រាល អ្នកទាំង២រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រីឯរថយន្ដទាំង២ ត្រូវបានមន្ដ្រីនគរបាលចរាចរណ៍ យកទៅរក្សាទុកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕