ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបង្អែកខេត្តកោះកុង ចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅតំបន់អារ៉ែង
28-05-2017 10:57
(កោះកុង)៖ ក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង បានធ្វើដំណើរទៅតំបន់អារ៉ែង ស្រុកថ្មបាំង ដើម្បីចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ហើយការចុះបេសកម្មនេះ ក្រោមការដឹកនាំលោកវេជ្ជៈ ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត។
លោក ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ការចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋតំបន់អារ៉ែងនេះ លោកមានសេចក្តីសប្បាយចិត្ត រួមនិងមន្រ្តីរបស់លោក ដោយមើលឃើញភាពជាក់ស្តែងនៅរដូវនេះ មានអាកាសធាតុមានសម្ពាធទាបភ្លៀង ធ្លាក់រាល់ថ្ងៃ ធ្វើឲ្យមូសកើត ហើយអាចកើតជំងឺគ្រុន ឬមានជំងឺផ្សេងៗ ហើយតំបន់នេះ គឺជាតំបន់នៅដាច់ស្រយាលពីគេ ហើយផ្លូវក៏ពិបាកណាស់ដែរ តែពិបាកយ៉ាងណាលោកពេញចិត្តនឹងធ្វើដែរ ព្រោះនេះជាតួនាទីរបស់ក្រុមលោកគ្រូពេទ្យ។
លោកបញ្ជាក់ថា ការចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋពុំមានឲ្យគាត់បង់លុយការកាក់អ្វីទេ ហើយបរិក្ខាពេទ្យគ្រប់គ្រាន់ តែជំងឺដែលមិនអាចពិនិត្យបាន អាចបញ្ជូនគាត់មកមន្ទីរបង្អែកខេត្ត ដើម្បីធ្វើការពិនិត្យជូនគាត់ ហើយការចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋថ្ងៃនេះ ក្រុមលោកគ្រូពេទ្យមិនបានគិតពី និន្នាការនយោបាយឡើយ លោកពិនិត្យជូនទាំងអស់ មិនប្រកាន់ពូជសាសន៏ឡើយ៕