(ភ្នំពេញ)៖ សំឡេងស្រែកជយោ គណបក្សប្រជាជនកម្ពុជា បានលាន់លឺព្រមគ្នាចេញពីក្បួនដង្ហែដ៏វែងដាច់កន្ទុយភ្នែក ស្ថិតនៅលើផ្លូវបេតុងខ្វាត់ខ្វែង នោះគឺជាការហែរក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារជាង២០០០នាក់ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទ្រង់ទ្រាយធំ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ឃ្លាំង ហួត ប្រធានគណ:កម្មាធិការគណបក្សខណ្ឌ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំបក្សខណ្ឌ និងសង្កាត់ជាច្រើននាក់ផងដែរ។
ក្បួនដង្ហែដោយមានរថយន្ត និងម៉ូតូជាច្រើនគ្រឿង អមដោយទង់បក្សប្រជាជនកម្ពុជា ដែលក្រុមអ្នកគាំទ្រកាន់គ្រវី និងស្រែកព្រមៗគ្នា នៅក្នុងក្បួនដង្ហែពោពេញ ទៅដោយការសប្បាយរីករាយ និងពីការរំពឹងទុកនូវជ័យជម្នះនាពេលខាងមុខ ។
ស្រ្តីវ័យកណ្តាលម្នាក់ របស់គណបក្សប្រជាជន ដែលអង្គុយលើឡានមួយគ្រឿងនោះ បានប្រកាសតាមម៉េក្រូ ពីគោលនយោបាយ និងខ្លឹមសារសំខាន់ៗ របស់បក្សដែលបានដាក់ចេញ ដើម្បីអនុវត្តលើការដឹកនាំប្រទេស។
ក្បួនដង្ហែដ៏វែងស្រឡឹមនេះ បានចេញពីមន្ទីរបក្ស ក្រោយការជួបជុំគ្នា ទៅតាមផ្លូវនានាក្នុងមូលដ្ឋានសង្កាត់កោះដាច់ មុនពេលត្រឡប់ទៅជួបជុំគ្នានៅមុខវត្តក្បែរសាលាសង្កាត់កោះដាច់ ដើម្បីប្រកាសរំសាយ។
លោក ឃ្លាំង ហួត ដែលពោពេញដោយមានមោទភាព លើចំនួនអ្នកគាំទ្របក្សនោះ បានបញ្ជាក់ថា សមាជិកសមាជិកាបក្សដែលចូលរួមដង្ហែក្បួននេះ គឺមានរហូតដល់ជាង២០០០នាក់ គឺអ្នកស្រុកកោះដាច់សុទ្ធសាធ ដែលពួកគាត់ស្រឡាញ់ និងគាំទ្របក្សប្រជាជនកម្ពុជា។
នៅពេលក្បួនដង្ហែចេញតាមផ្លូវ គេសង្កេតឃើញប្រជាពលរដ្ឋនៅតាមផ្ទះ ក្រុមអាជីវករនៅតាមផ្សារ និងអ្នកធ្វើដំណើរតាមដងផ្លូវ ក៏ចេញមកស្វាគមន៍យ៉ាងក្លៀវក្លាផងដែរ។
សម្រាប់សង្កាត់កោះដាច់នេះ អ្នកគាំទ្របានប្រកាសលេខរៀងទី២ សម្រាប់ប្រាប់ដល់បងប្អូនអ្នកគាំទ្រឲ្យដឹងពេលទៅបោះឆ្នោត។
នៅចំពោះមុខអ្នកគាំទ្រទាំងអស់ លោក ឃ្លាំង ហួត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឈានទៅរកភាពរីកចម្រើនរុងរឿង ប្រកបដោយសុខដុមនីយកម្ម ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរលើគ្រប់វិស័យ។
លោកប្រធានក្រុមការងារ បានដាស់តឿនដល់សមាជិកបក្សកុំជឿលើការឃោសនារបស់គណបក្សដទៃ ដែលកំពុងប្រើនយោបាយប្រជាភិថុត គឺសន្យាខ្យល់ ដើម្បីលួងលោមបោកប្រាស់ និងភូតកុហកប្រជាពលរដ្ឋ ក្នុងការបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនដល់សមាជិកបក្សទាំងអស់ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការបោះឆ្នោត ស្គាល់ឱ្យច្បាស់ អំពីលេខរៀងបក្ស សញ្ញាបក្ស ដើម្បីជៀសវាងការភ័ន្តច្រឡំនឹងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងនេះ៕