(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្តិច នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ដែលបានបើករថយន្តបុកក្មេងប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅស្រុកវាលវែង ហើយព្យាយាមបើករថយន្តគេចខ្លួន ជាច្រើនគីឡូម៉ែត្រ ទីបំផុតត្រូវបានសមត្ថកិច្ច ក្នុងស្រុកភ្នំក្រវ៉ាញចាប់វាយខ្នោះនោះ ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំការរៀបចំនីតិវិធីបញ្ជូន ទៅតុលាការនៅថ្ងៃស្អែក។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ចំពោះក្មេងប្រុសរងគ្រោះ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ ៦ឆ្នាំ ដែលរងរបួសចំក្បាលធ្ងន់ធ្ងរ កំពុងត្រូវសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ សារុន ចាន់ធី បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើង នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមលោក សារុន ចាន់ធី ក្រោយបង្កគ្រោះថ្នាក់ហើយ លោក យ៉ាន់ សេងហ៊ត មិនបានឈប់ដោះស្រាយ ឬមើលក្មេងរងគ្រោះនោះទេ បែរជាបន្ថែមល្បឿនរថយន្តគេចខ្លួន រហូតដល់ស្រុកភ្នំក្រវ៉ាញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។
ពាក់ព័ន្ធនឹងទង្វើរបស់លោក យ៉ាន់ សេងហ៊ត ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើករថយន្តបុកក្មេងហើយ មិនទទួលខុសត្រូវនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះក្នុងនាមជាអ្នកនយោបាយមួយរូប មិនគួរណាប្រព្រឹត្តិកំហុសហើយ បើករថយន្តរត់យករួចខ្លួន មិនគិតពីអាយុជីវិតរបស់ក្មេង ដែលកំពុងរងរបួសធ្ងន់ដោយសារកំហុសរបស់ខ្លួននោះឡើយ៕