(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ រួមជាមួយអភិបាលរង និងបេក្ខជនក្រុមប្រឹក្សាសងា្កត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៣ខ្សែ​ ក្នុងសង្កាត់ទៀន និងសង្កាត់គងនយ។

គម្រោងដែលបើកការដ្ឋានស្ថាបនានាថ្ងៃនេះ រួមមាន៖
១៖​ ស្ថាបនាផ្លូវបេតុងប្រវែង ៣៣០ម៉ែត្រ​ទទឹង ០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន (ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧)
២៖ ស្ថាបនាផ្លូវបេតុងប្រវែង ២៨២ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)
៣៖ ស្ថាបនាផ្លូវបេតុងប្រវែង ២៣៧ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ

លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃនេះ សមិទ្ធផលផ្លូវបេតុងថ្មី៣ខ្សែនេះ និងប្រព័ន្ធលូថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ បញ្ជៀសការលិចលង់ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាល បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបាន​ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។

ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តាជួយតាមដាន ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាល មកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕