(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជន ឃុំវាលម្លូរ និងចុះពិនិត្យមើលការសាងសង់ទីស្នាក់ការបក្សឃុំ បាន៨៥ភាគរយ ដែលមានផ្ទៃដី១០៥ម៉ែត្រ គុណនឹង៣៨ម៉ែត្រ។
ទីស្នាក់ការបក្សឃុំនេះ ត្រូវថវិកាក្នុងការសាងសង់ប្រមាណ៥ម៉ឺនដុល្លារ ក្នុងនោះថវិកាផ្ទាល់របស់លោក វង សូត និងលោកស្រី ចំនួន១ម៉ឺនដុល្លារ ហើយក្រៅពីនេះ គឺជាថវិការបស់ក្រុមការងារចុះជួយឃុំវាលម្លូរ។ ដោយឡែកទីតាំងស្នាក់ការបក្សនេះ ស្ថិតនៅចំណុចកណ្តាលនៃភូមិទាំង៨ របស់ឃុំវាលម្លូរនេះតែម្តង ដែលអាចជួយសម្រួលដល់ការ បំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានយ៉ាងល្អប្រសើរ ដើម្បីឈាន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅអាណត្តិខាងមុខៗ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារស្រុកពញាក្រែក ក៏បានជម្រុញដល់មន្ត្រីបក្សក្នុងមូលដ្ឋានឃុំវាលម្លូរ ឲ្យយកចិត្តទុកដាក់ ក្នុងការកសាងសមាជិកបក្ស និងត្រូវយល់អំពីសុខទុក្ខរបស់សមាជិកបក្ស ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដើម្បីដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោត ស័ក្តិសមទៅនឹងការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ នៅក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដែលបានធ្វើអ្វីៗដើម្បីជាតិ និងដើម្បីប្រជាជននោះ៕