(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងសម្របសម្រួលតាមមធ្យោបាយច្បាប់ ដើម្បីជួយដល់ពលរដ្ឋខ្មែរចំនួន៨នាក់ ដែលអាជ្ញាធរថៃបានចាប់ និងឃុំខ្លួននៅពន្ធនាគារខេត្តចាន់ថាក់បុរី និងត្រៀមបញ្ជូនពួកគេទៅតុលាការ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុល បានទាក់ទងសួរទៅអាជ្ញាធរខេត្ត និងពន្ធនាគារខេត្តចាន់ថាក់បុរី ហើយទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរទាំង៨នាក់នោះ បានចូលទៅធ្វើការជាកម្មករបេះផ្លែឈើ នៅខេត្តចាន់ថាក់បុរី បានរយៈពេលប្រមាណ១ខែ មុនពេលត្រូវសមត្ថកិច្ចថៃ ចុះត្រួតពិនិត្យនៅទីកន្លែងធ្វើការ ហើយបានឃាត់ខ្លួនពួកគាត់ ពីបទពុំមានប័ណ្ណអនុញ្ញាតការងារ និងឃាត់ខ្លួនថៅកែថៃ។ លុះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក៏បានបញ្ជូនទៅប៉ុស្តិ៍នគរបាលមឿងចាន់ថាក់បុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបច្ចុប្បន្នពលរដ្ឋទាំង៨នាក់ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនាគារខេត្តចាន់ថាក់បុរី រីឯថៅកែបានតំកល់ប្រាក់ធានាខ្លួន ឲ្យស្ថិតនៅក្រៅឃុំ។
លោកបន្ថែមថា ជាគោលការណ៍ តុលាការនឹងកាត់ក្តីពលរដ្ឋខ្មែរខាងលើ មិនឲ្យលើសពីរយ:ពេល៤៨ថ្ងៃ គិតចាប់ពីថ្ងៃចាប់ខ្លួន ហើយសំណុំរឿងនេះ អាចនឹងត្រូវបើកសវនានៅសប្តាហ៍ក្រោយ ហើយចំពោះបទល្មើសនេះ តុលាការអាចនឹងផាកពិន័យ ជាប្រាក់រួចដោះលែង ប៉ុន្តែបើពុំមានប្រាក់បង់ថ្លៃពិន័យទេ ពលរដ្ឋខ្មែរទាំងនោះ នឹងត្រូវជាប់ពន្ធនាគារតាមចំនួនប្រាក់ ដែលតុលាការផាកពិន័យ (ជាប់ពន្ធនាគារមួយថ្ងៃកាត់ជាប្រាក់ស្មើនឹង៥០០បាត)។
សូមជម្រាបថា បច្ចុប្បន្ន ស្ថានអគ្គកុងស៊ុល កំពុងជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធថៃ ពន្លឿនដំណើការកាត់ក្តីឲ្យបានឆាប់ និងរកមេធាវីស្ម័គ្រចិត្ត ជួយការពារក្តីជូនពលរដ្ឋខ្មែរទាំង៨នាក់ ផងដែរ៕