(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ហ៊ានសន្យា គឺហ៊ានធ្វើ។
លោកថ្លែងបែបនេះ ក្នុងឱកាស ដែលលោកបានដឹកនាំយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រគណបក្ស ប្រជាជនកម្ពុជានៅភូមិទួល ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្រ្តី បានថ្លែងទៅកាន់សមាជិកសមាជិកាគណបក្សទៀតថា ស្រុកយើងបានសុខសន្តិភាព ក្នុងពេលដែលប្រទេសផ្សេងៗ មានសង្រ្គាមមិនទាន់ចប់ផង ហើយគណបក្សប្រជាជនកម្ពុជា ហ៊ានសន្យាគឺហ៊ានធ្វើ និងគោរពពាក្យសន្យា។ កន្លងមកមានការសន្យាកុហក កាលពីមុនសន្យាឱ្យ៤ម៉ឺនរៀលក្នុងមួយខែ ឥឡូវថា១០ម៉ឺនរៀល។
លោកទេសរដ្ឋមន្រ្តី បានបន្តថាការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ គឺទី១-បើបោះឆ្នោតខុសនាំឱ្យច្របូកច្របល់,ទី២- ការប្តូរយកអ្នកថ្មីអាចនាំឱ្យអន្តរាយ និង៣-បក្សប្រឆាំង មិនមានសមត្ថភាពដឹកនាំ និងគ្រប់គ្រងទេ។
លោកបន្ដថា «យើងខំរកការងារឱ្យបងប្អូនកូនចៅយើង នាំគេឱ្យមកបើករោងចក្រ តែពួកអ្នកប្រឆាំងហាមកុំឱ្យគេមករកស៊ីនៅស្រុកខ្មែរ រាជរដ្ឋាភិបាលបានខិតខំគិតគូរដំឡើងប្រាក់ខែជូនកម្មករ និងមន្ត្រីរាជការ ចាប់ពីខែមេសា ឆ្នាំ២០១៧នេះ កម្មករបានប្រាក់ខែគោល១៥៣ដុល្លារក្នុងមួយខែ។ ដោយឡែកក្នុងស្រុកបរសេដ្ឋ មានកម្មករប្រមាណ១ម៉ឺននាក់ ដូច្នេះមានលុយប្រមាណ ១លានប្រាំសែនដុល្លារចូលស្រុកបរសេដ្ឋក្នុងមួយខែ ដែលរាជរដ្ឋាភិបាលក៏បានគិតគូរ អំពីរបបសន្តិសុខសង្គម ហើយកម្មករកម្មការិនីពេលឈឺ ឬមានគ្រោះថ្នាក់មានបេឡាសម្រាប់ព្យាបាល និងឧបត្ថម្ភ លើសពីនេះ ពេលចាស់កម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ»។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាជិកសមាជិកា បោះឆ្នោតជូនគណបក្សម្នាក់មួយសន្លឹក និងនាំមិត្តភក្តិ កូនក្មួយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕