(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងគាំទ្រគម្រោងបណ្ដុះបណ្ដាលធនធាន មនុស្សរបស់ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍកម្ពុជា (Cambodia Development Research Institude=CDRI) ព្រោះគម្រោងនេះ ពិតជាមានអត្ថប្រយោជន៍ សម្រាប់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយស្របតាមគោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។
ជំហរគាំទ្រនេះ ត្រូវបានលោករដ្ឋមន្រ្តីលើកឡើង នាឱកាសអនុញ្ញាតឱ្យមន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន CDRI ដឹកនាំដោយលោក ឆែម រិទ្ធី នាយកប្រតិបត្តិនៃវិទ្យាស្ថាន ចូលជួបសម្តែងការគួរសម ដើម្បីសុំការណែនាំ និងអនុសាសន៍បន្ថែមមួយចំនួន សម្រាប់ការសិក្សា ស្រាវជ្រាវរបស់វិទ្យាស្ថាន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ។
លោក ឆែម រិទ្ធី បានថ្លែងថា រូបលោក និងថ្នាក់ដឹកនាំមួយចំនួនទៀត បានសុំអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យការស្រាវជ្រាវរបស់វិទ្យាស្ថាន កាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមជួយបម្រើរាជរដ្ឋាភិបាល ធ្វើគោលនយោបាយ និងផ្តល់ជាឯកសារស្រាវជ្រាវផ្សេងៗ ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរីកចម្រើន។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា ក្រសួងបានមើលឃើញនូវគម្រោងស្រាវជ្រាវរបស់ស្ថាប័ន CDRI ពិតជាមានអត្ថប្រយោជន៍ សម្រាប់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីជួយបណ្តុះបណ្តាល លើផ្នែកធនធានមនុស្ស ស្របតាមផែនការដែល ក្រសួងកំពុងរៀបចំ ពិសេសស្របតាមគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។
លោករដ្ឋមន្រ្តីបានបន្តថា ការជួបគ្នានាពេលនេះ ជាលទ្ធផលមួយដ៏ល្អ ដែលអាចជួយបំពេញគ្នាទៅវិញទៅមក ឆ្លើយតបទៅនឹងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា មានលក្ខណៈ បច្ចេកវិទ្យា និងឧស្សាហកម្មអតិសកម្ម ឱ្យទៅជាឧស្សាហកម្មដែលមានបច្ចេកទេសទំនើប និងជួយឱ្យមានចំណូលខ្ពស់សម្រាប់ កម្មករនិយោជិត ក៏ដូចជាផលចំណេញសម្រាប់និយោជកផងដែរ៕