(បាត់ដំបង)៖ រថយន្តសម្អាតផ្លូវធុនធ្ងន់ទាំងពីរគ្រឿង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបេសកកម្មសម្អាតផ្លូវនៅក្រុងបាត់ដំបង រយៈពេលបីសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា «កិច្ចការងារសម្អាតបរិស្ថាននេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកន្លងទៅអាជ្ញាធរខេត្ត និងអជ្ញាធរក្រុងបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ រហូតទីក្រុងបាត់ដំបងបានក្លាយជាទីក្រុងស្អាត ដែលមានបរិស្ថានល្អ ហើយ ថ្ងៃនេះ លោកឧកញ៉ា លាង ឃុន បានជួយគាំទ្រសកម្មភាពនេះ ដែលនេះនឹងជួយឲ្យបរិស្ថានក្រុងបាត់ដំបងកាន់ស្អាត និងកាន់តែប្រសើរ»។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថា «ក្រុមហ៊ុនពិតជាមានកិតិ្តយស ដែលបានសហការជាមួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការជួយឲ្យបរិស្ថានខេត្តកាន់តែស្អាត ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវមានសុខភាពល្អជាងមុន»។
ខេត្តបាត់ដំបង ជាខេត្តទី៦ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទៅដល់។ កន្លងមក ក្រុមហ៊ុនបានជួយសម្អាតផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ក្រោមយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជូនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងទៅជួយសម្អាតផ្លូវនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើJoop ភេសជ្ជៈIze និងភេសជ្ជៈប៉ូវកម្លាំងWurkz៕