(កំពង់ធំ)៖ តំណាងគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងស្ទឹងសែន ខេត្តកំពង់ធំ នឹងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការ រៀបចំការបោះឆ្នោតរបស់ខេត្ត ហៅថា PEC ពាក់ព័ន្ធលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅ ដឹកនាំ និងឃោសនារកសំឡេងឆ្នោត នៅទីរួមខេត្តកំពង់ធំ ដោយធ្វើផ្ទុយពីខ្លឹមសារ និងការឯកភាពគ្នាពេលជួបប្រជុំជាមួយគណៈបញ្ជាការ ឯកភាពខេត្ត កាលពីពេលកន្លងទៅ។
ខ្លឹមសារស្ដីពីការជួបជុំ ជាមួយអាជ្ញាធរខេត្តជាលទ្ធផល តម្រូវឲ្យគណបក្សសង្គ្រោះជាតិ រៀបចំវេទិការឃោសនារក សំឡេងឆ្នោត នៅលើទីលាន ប្រជាធិបតេយ្យ ដោយបែរមុខទៅទិសខាងកើត មានន័យថា បែរខ្នងមកផ្លូវជាតិលេខ៦ ប៉ុន្ដែជាក់ស្ដែងលោក កឹម សុខា បានរៀបចំវេទិការនេះ បែរមុខមកទិសខាងលិចគឺ បែរមកផ្លូវជាតិលេខ៦ ដែលធ្វើឲ្យមានការកក់ស្ទះចរាចរណ៍និងមានគោលបំណងចង់ឲ្យ មហាជនមើលទៅមានមនុស្ស ចូលរួមច្រើន។
តែយ៉ាងណាក៏ដោយ ការជួបជុំនាព្រឹកមិញ ដែលដឹកនាំផ្ទាល់ដោយ លោក កឹម សុខានោះ ត្រូវបានសមត្ថកិច្ចអះអាងថា មានអ្នកចូលរួម ចន្លោះពី៤០០នាក់ ទៅ៥០០នាក់ប៉ុណ្ណោះ តិចជាងគម្រោងរបស់ពួកគេ ដែលចង់ឲ្យមានអ្នកចូលរួម រហូតដល់១,៥០០នាក់។
លោក ផា ណង អនុប្រធាន PEC ខេត្តកំពង់ធំ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននិង សេចក្ដីរាយការណ៍ របស់អាជ្ញាធរខេត្តពាក់ព័ន្ធ ការដឹកនាំឃោសនារកសំឡេងឆ្នោតរបស់លោក កឹម សុខា ផ្ទុយពីខ្លឹមសារនៃកិច្ចប្រជុំ នាពេលកន្លងទៅនោះ មន្ដ្រីរបស់ PEC បានទៅធ្វើការសម្របសម្រួល និងណែនាំឲ្យធ្វើទៅតាមអ្វីដែលមានការឯកភាព ប៉ុន្ដែពួកគេមិនស្ដាប់តាមការណែនាំនោះឡើយ។
លោក ផា ណង បានបញ្ជាក់ថា មិនត្រឹមតែមិនស្ដាប់តាមការណែនាំ និងសម្របសម្រូលរបស់មន្ដ្រី PEC នោះទេ ប៉ុន្ដែខាងគណបក្ស សង្គ្រោះជាតិ ថែមទាំងចោទប្រកាន់មន្ដ្រី PEC ថាបានទៅរារាំង និងរំខានពួកគេសម្រាប់រៀបចំ វេទិកាមួយនេះទៀតផង។
យោងតាមអាជ្ញាធរខេត្តកំពង់ធំ ការដឹកនាំរបស់លោក កឹម សុខា នាព្រឹកមិញនេះ ហើយបែរមុខមកផ្លូវជាតិលេខ៦នោះ អាជ្ញាធរ និងសមត្ថកិច្ចបានទៅ សម្រួលចរាចរណ៍ ដោយឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ វាងតាមផ្លូវផ្សេង។
ក្រោយបញ្ចប់ជាមួយអ្នកគាំទ្ររបស់ខ្លួន មិនដល់កន្លះម៉ោងផងនោះ លោក កឹម សុខា បានបន្ដមកជួបអ្នកគាំទ្រនៅខាងផ្សារ កំពង់ថ្ម ស្រុកបារាយណ៍ ដែលមានអ្នកចូលរួមត្រឹម៣០០នាក់ប៉ុណ្ណោះ ខុសពីការរំពឹងទុកដែលចង់ឲ្យមានអ្នកចូលរួម រហូតទៅដល់ជាង៧០០នាក់ ហើយការរៀបចំវេទិកានេះ អាជ្ញាធរខេត្តតម្រូវឲ្យពួកគេ ធ្វើឡើងក្នុងបរិវេណទីលានបាល់ទាត់ ទល់មុនសាលាបឋមសិក្សាគំរូ ស្រុកបារាយណ៍ ដែលហួសពីផ្សារកំពង់ថ្ម ប្រហែល១ពាន់ម៉ែត្រខុសពីការស្នើសុំរបស់ពួកគេ ដែលចង់ធ្វើលើផ្លូវជាតិលេខ៦ ទល់មុនផ្សារកំពង់ថ្មតែម្ដង៕