(ភ្នំពេញ)៖ យុវជន និងបុគ្គលិកសណ្ឋាគារហ៊ីម៉ាវ៉ារី ជាង២០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី បានបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនដល់
មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យនានា នៅទូទាំងប្រទេស ដែលកំពុងខ្វះឈាម ដើម្បីជួយសង្គ្រោះបន្ទាន់នូវជីវិតអ្នកជំងឺ និងអ្នករបួសធ្ងន់ធ្ងរជាពិសេស អ្នកគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាមជាចាំបាច់។

លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា កម្មវិធីបរិច្ចាគឈាមនេះ​ បានរៀបចំធ្វើឡើង ដោយសណ្ឋាគារហ៊ីម៉ាវ៉ារី សហការជាមួយ និងក្លឹបនៃក្តីស្រលាញ់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជំរុញឲ្យយុវជន ក៏ដូចជាប្រជាជនផ្ដល់ឈាម ជូនដល់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមទៅដល់ប្រជាជន ដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានធ្វើការកត់សម្គាល់ថា ការជម្នះនូវការយល់ ឃើញដែលខុសនាពេលកន្លងមក និងជម្នះរាល់កង្វះខាតចំណេះដឹង គឺជាកត្តាដ៏សំខាន់ដើម្បីបង្កើនការ ផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព។ ប្រទេសកម្ពុជាអាចមានឈាម ដែលមានសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ការបញ្ចូលប្រសិន បើត្រឹមតែមួយភាគរយ នៃចំនួនប្រជាជនផ្ដល់ឈាម ដោយស្ម័គ្រចិត្តនិងទៀតទាត់។

លោកវេជ្ជបណ្ឌិតបន្តថា «វាគឺជាគោលដៅដែលរូបលោក និងអ្នកដទៃផ្សេងៗទៀត ចូលរួមជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការបរិច្ចាគ ជាមួយនឹងការជឿជាក់ថាគោលដៅនេះ នឹងអាចសម្រេចបានត្រឹមឆ្នាំ ២០២០។ យើងត្រូវការចំនួនការបរិច្ចាគឈាម តែ៥៥០០០ប៉ុណ្ណោះ ក្នុងមួយឆ្នាំ»

លោក Andrew Tay ប្រធានគ្រប់គ្រងសណ្ឋាគារហ៊ីម៉ាវ៉ារី បានឲ្យដឹងថា «ការចូលរួម ក្នុងសកម្មភាពនេះ គឺមានភាពល្អប្រសើរជាងការរំពឹងទុក»។ លោកបានពន្យល់ថា ព្រឹត្តិការណ៍នេះ
ត្រូវបានកំណត់រៀបចំឡើង ដើម្បីជួយបង្កើនការយល់ដឹងអំពីតម្រូវការ ក្នុងការបរិច្ចាគ ស្របពេលដែលទិវាបរិច្ចាកឈាមពិភពលោក នៅថ្ងៃទី១៤ ខែមិថុនា ខិតជិតមកដល់។

លោក Andrew Tay បានបន្ថែមទៀតថា «កិច្ចសហការគ្នា គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យបាននូវការទទួលបានជោគជ័យ មិនមែនមានន័យថា វាគឺជាតួនាទីរបស់រាជរដ្ឋា
ភិបាលប៉ុណ្ណោះទេ យើងត្រូវតែផ្ញើសារដល់ប្រជាជនកម្ពុជាទាំងអស់ អំពីសារៈសំខាន់ នៃការបរិច្ចាគឈាម យើងត្រូវការដើម្បីបង្កើនការយល់ដឹង និងការចូលរួមកាន់តែច្រើន ក្នុងកិច្ចខិតខំ
ប្រឹងប្រែងជាដៃគូនេះ»