(ភ្នំពេញ)៖ សមាជិកសមាជិកា អ្នកគាំទ្រ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១៥ម៉ឺននាក់ នឹងចូលរួមដង្ហែក្បូនទ្រង់ទ្រាយធំ ដែលដឹកនាំដោយផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា «បងប្អូន ប្រជាពលរដ្ឋសមាជិក សមាជិកា និងអ្នកស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា មានចំនូនរហូតដល់ជាង១៥ម៉ឺននាក់ តាមភូមិសង្កាត់នានា ក្នុងរាជធានីភ្នំពេញ នឹងមកចូលរួមអបអរសាទរ ហែក្បូននៅថ្ងៃចុងក្រោយជាមួយសម្ដេចតេជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ចំនួនសមាជិកចូលហែក្បួន អាចនឹងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃហែរនោះ។
ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ថា «បងប្អូនមួយចំនួនបានចូលមក សួរតាម Facebook ថាអត់ឃើញ សម្តេចតេជោ ចេញហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោត នាពេលខាងមុខនេះ»។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬ អ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕