(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទទួលបានការគាំទ្រច្រើនលើសលុបបំផុតពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ ដែលគណបក្ស ប្រជាជនកម្ពុជាបាននាំមកឲ្យជាតិកម្ពុជានាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា «គណបក្សប្រជាជនកម្ពុជា គឺទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត។ ព្រោះគណបក្សយើង ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ»។
សម្តេចតេជោ បន្ថែមថា «ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមកជាប្រទេសរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ និងពេញចិត្តចំពោះលទ្ឋផលនៃដឹកនាំរបស់គណបក្សប្រជាជនយើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំបំផុតរបស់កម្ពុជា មានស្នាដៃដឹកនាំកសាងប្រទេសយ៉ាងច្រើនឥតគណនា។ សម្តេចប្រមុខបក្សកាន់អំណាច បានរំលឹកផងដែរថា មិនអាចជឿទុកចិត្តទៅលើបក្សនយោបាយតូចៗ ដែលមិនបានកសាងអ្វីសម្រាប់ប្រទេស ហើយបានតែតែឃោសនា សន្យាមាត់ទទេថានឹងធ្វើនេះ ធ្វើនោះ បើសិនជាប់ឆ្នោត ដែលមិនអាចទុកចិត្តបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាលពីឆ្នាំ១៩៧៥ បានធ្វើឲ្យប្រពលរដ្ឋខ្មែរជឿងប់ទាំងស្រុងថា របបនេះនឹងនាំមកនូវអ្វីល្អៗសម្រាប់ប្រជាពលរដ្ឋព្រោះតែឃោសនាបញ្ចុះបញ្ចូលរបស់ពួកគេ តែក្រោយពីបានអំណាចកាន់ក្នុងដៃហើយ គឺមានតែសង្រ្គាម និងការកាប់សម្លាប់ប៉ុណ្ណោះ ដែលបណ្តាលឲ្យប្រជាពលរដ្ឋជិត ៣លាននាក់ បានស្លាប់យ៉ាងវេទនាបំផុត។
សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតឲ្យ ព្រោះពួកគេបានដឹង និងបានឃើញច្បាស់នឹងភ្នែកនូវការរីកចម្រើនពិតៗ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន៕