(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាអ្នកលេងហ្វេសប៊ុកដោយយករូបស្រីស្អាតប្រើប្រាស់លើអាខោនរបស់ខ្លួនដើម្បីទាក់ទាញបុរសអនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែនដើម្បីឆបោកយកប្រាក់១៩ម៉ឺនដុល្លារអាមេរិក បានត្រូវលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ។
ប្រភពព័ត៌មានច្បាស់ការណ៍បញ្ជាក់ថា ការដោះលែងនេះដោយសំអាងលើដើមបណ្តឹងដកពាក្យឈប់ប្តឹងនិងស្ត្រីរូបនេះ មានកូនតូចៗ៤នាក់នៅក្នុងបន្ទុក ពិសេសប្រាក់១៩ម៉ឺនដុល្លារនេះ ពុំមានបាត់បង់ទេ ពោលគឺនាងយកទៅទិញដីនិងសង់ផ្ទះជួលទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។
បុរសអនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែនដែលជាដើមបណ្តឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា លោកមានទំនាក់ទំនងតាមទូរស័ព្ទនឹងស្ត្រីរូបនេះ តាំងពីអំឡុងឆ្នាំ២០១២រហូតដល់មានភាពស្និតស្នាលឈានដល់ស្នេហាឆ្លងដែនតាមរលកធាតុអាកាស ។ ក្រោយមក ក៏មានការផ្ញើលុយកាក់បន្តិចបន្តួចជាហូរហែរនៅប្រទេសកម្ពុជា រហូតដល់អំឡុងឆ្នាំ២០១៥ លោកចង់ឃើញរូបថតពិតរបស់ស្ត្រីរូបនេះ តាមរយៈហ្វេសប៊ុក ។
បុរសរូបនេះបានអះអាងថា តាមពិតនាងបានផ្ញើរូបថតពិតមកឲ្យខ្លួនមើលដែរ តែមិនចាប់អារម្មណ៍ ហើយពោលពាក្យថា សម្លេងពិរោះប៉ុណ្ណឹង ហេតុអ្វីក៏រូបរាងអ៊ីចឹង ។ ហេតុដូច្នេះហើយទើបនាងប្តូររូបថតក្នុងហ្វេសប៊ុកជាបន្តបន្ទាប់ ។ ប៉ុន្តែក្នុងអំឡុងពេលនេះ លោកនៅតែបន្តផ្ញើប្រាក់ឲ្យនាងរហូត សរុបដល់ឆ្នាំ២០១៧នេះ ប្រហែល២៧ម៉ឺនដុល្លារញ៉ូហ្សឺឡែន ស្មើនឹង១៩ម៉ឺនដុល្លារអាមេរិក ដោយនាងបានប្រាប់ថា យកប្រាក់ទាំងអស់នេះទៅទិញដីនិងផ្ទះសម្រាប់ជួល ។
បុរសរូបនេះបានបន្តថា ដល់ពេលដែលលោកត្រូវមកប្រទេសកម្ពុជា ដើម្បីនិយាយគ្នារឿងរៀបការនោះទើបធ្លាយរឿងរញ៉េរញ៉ៃអំពីការប្រើរូបថតក្នុងហ្វេសប៊ុកមិនពិត បណ្តាលឲ្យលោកមានកំហឹងឈានដល់ការប្តឹងផ្តល់តែម្តង។ ប៉ុន្តែពេលជួបនាងផ្ទាល់ទើបមានក្តីអាណិតអាសូរវិញ ព្រោះប្រាក់ទាំងអស់នេះ ពុំមានបាត់បង់ទេ ហើយម្យ៉ាងទៀត នាងមានកូនតូចៗ៤នាក់ក្នុងបន្ទុក រីឯប្តីបានចុះចេញចោលផ្ទះប្រហែល៤ឆ្នាំហើយ ។ ដូច្នេះ ទើបលោកសម្រេចចិត្តឈប់ប្តឹងនាងវិញ ។
ស្ត្រីរូបនេះឈ្មោះ ហុង ស្រីដេត អាយុ៣៦ឆ្នាំ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មុខរបរធ្វើចុងភៅតាមភោជនីដ្ឋានចិន ។ ចំណែកដើមបណ្តឹងរឈ្មោះ អ៊ា មឿន ភេទប្រុស អាយុ៥៦ឆ្នាំ អនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែនមានមុខរបរជាអ្នកបើកហាងលក់នំបុ័ង និងមានស្រុកកំណើតនៅផ្ទះលេខ៧៥ ផ្លូវលេខ១២៣CC ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សូមជំរាបថា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនស្ត្រីខាងលើ កាលពីវេលាម៉ោង៧៖៤៥នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងយោងតាមដីការបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ៕