(ភ្នំពេញ)៖ លោក ជា ពិសី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានប្រកាសបញ្ចូលសកម្មជន និងសមាជិកបន្ថែមទៀតចំនួន២៥នាក់ ដែលទើបតែចាកចេញពី គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីសុំចូលមករួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (CPP)។

ពិធីប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

សកម្មជន និងសមាជិក CNRP ដែលសម្រេចចិត្តដើរចេញនោះ ពួកគាត់សុទ្ធតែបានអះអាងថា ការចាកចេញនេះ ក៏ព្រោះតែពួកគាត់អស់ជំនឿទុកចិត្ត ហើយបានមើលឃើញយ៉ាងច្បាស់លាស់ ពីសកម្មភាពរបស់គណបក្សផ្សេងៗមួយចំនួន ពិសេសមិនពេញចិត្តលើការដឹកនាំ និងរបៀបរបប ធ្វើការងាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺមេដឹកនាំគណបក្សនេះ គ្មានសមត្ថភាពដឹកនាំប្រទេសឡើយ ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គមប៉ុណ្ណោះ ពិសេសប្រព្រឹត្តិអំពើមិនគួរគប្បីក្នុងជួរគណបក្ស និងអំពើអសីលធម៌ជាដើម។

​សមាជិកដែលចាកចេញទាំងនោះ បានបញ្ជាក់ថា ក្នុងនាមពលរដ្ឋខ្មែរ ពួកគាត់មិនអាចរួមនយោបាយជាមួយ CNRP បានឡើយ ហើយក៍មិនអាចបោះឆ្នោតឲ្យក្រុមបក្សប្រឆាំងនេះបានដែរ ពិសេសពួកគាត់ និងគាំទ្រ ហើយសម្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំប្រទេស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ដែលស្ថិតក្រោមការដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរយៈពេលជាច្រើនឆ្នាំកន្លងមក បានបន្តដឹកនាំប្រទេស និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គម ធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតទល់សព្វថ្ងៃនេះ។

លោក ជា ពិសី បានថ្លែងថា «ចំពោះសមាសភាព សមាជិក ដែលទើបបានសម្រេចដាក់បញ្ចូលថ្មីទាំងអស់ សូមឲ្យមានការជឿជាក់ ហើយនឹងស្មោះត្រង់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានបន្តដឹកនាំជាច្រើនអាណត្តិមកហើយ ពោលគឺតាំងពីបាទដៃទទេរ រហូតមកទល់បច្ចុប្បន្ន ដែលបាននាំមកនូវសុខសន្តិភាពពេញបរិបូរ ព្រមទាំងនាំមកនូវ ទាំងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងកាត់បន្ថយបាននូវភាពក្រីក្រ ហើយនាំមកវិញនូវជីវភាពធូរធា ក៏ព្រោះតែដើម្បីផលប្រយោជន៍រួម របស់ប្រជាជនកម្ពុជាយើង»