(ភ្នំពេញ)៖ ទឹកដល់ច្រមុះបក្សប្រឆាំងចាប់ផ្តើមដោះដៃ! ដើម្បីទាក់ទាញការគាំទ្រសកម្មជនបក្សខ្លួន បក្សប្រឆាំងបានសន្យាឱ្យតំណែងនេះ តំណែងនោះ ដល់ពួកគេទាំងនៅក្នុង និងនៅក្រៅប្រទេស។ សកម្មជនដែលបានលះបង់លក់ទ្រព្យសម្បត្តិដីស្រែចម្ការ ខ្លះចងការ ខ្ចីបុលគេដើម្បីយកលុយ មកបង់ឱ្យបក្ស រំពឹងថានឹងទទួលបានលាភសក្ការៈអំណាចបុណ្យស័ក្តិ។ ហេតុដូច្នេះអ្នកទាំងនោះខិតខំបង្ហាញមុខ និងចូលរួមក្នុងសកម្មភាពផ្សេងៗដើម្បីឱ្យមេបក្សបានឃើញមុខ ប្រធានក្រុមការងារបក្សបានស្រង់វត្តមាន។
តាមប្រភពព័ត៌មាននៅស្រុកខ្លះ បក្សប្រឆាំងបានសន្យាផ្តល់តំណែងជាន់គ្នា ជាសម្ងាត់ដល់សកម្មជនខ្លួន ឋានៈអភិបាលសនរុកជាច្រើននាក់ ខណៈតំណែង អភិបាលនៃគណៈអភិបាលស្រុកមានតែមួយ ហើយជាតំណែងក្នុងមុខងារសាធារណៈទៀតមានន័យថា ទាល់តែមានឈ្មោះជាមន្ត្រីរាជការបានអាច កាន់តំណែងនេះ។ នេះមិនគិតពីការសន្យាឱ្យតំណែងអភិបាលរង ឬអធិការ អធិការរង និងក្នុងជួរកងទ័ពទៀត និងតំណែងជាអភិបាល អភិបាលរងខេត្ត ឬឈរឈ្មោះជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាដើម។
មន្ត្រីបក្សប្រឆាំងបានសន្យាបោកប្រាសសកម្មជនខ្លួនថា នៅពេលខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល សកម្មជនរបស់ខ្លួននឹងទទួលបានតំណែង។ នៅក្នុងស្រុក សន្យាខ្យល់ជាមួយអ្នកក្នុងស្រុក ដល់ពេលនៅខាងក្រៅស្រុកសន្យាតំណែងឱ្យអ្នកក្រៅស្រុក។ ឥឡូវមួយណាឱ្យពិតប្រាកដ? ឥឡូវនេះ ខណៈមានការ បកស្រាយពន្យល់ថា មិនមែនសកម្មជនបក្សប្រឆាំងដែលគ្មានសញ្ញាបត្រ គ្មានឈ្មោះក្នុងមន្ត្រីរាជការអាចដើរចូលកាន់តួនាទី ដែលបក្សខ្លួនបាន សន្យាដោយស្រួលឡើយ។
អ្នកដែលចង់ក្លាយខ្លួនជាមន្ត្រីរាជការត្រូវមានការសិក្សា និងមានសញ្ញាបត្រ ហើយត្រូវប្រឡងចូលមានកំណត់អាយុទៀត។ មិនមែនចូលដោយស្រួល ដូចការសន្យាខ្យល់នោះទេ។ ដល់ពេលសន្យាបោកប្រាស់នេះវាបែកការណ៍ បក្សប្រឆាំងចាប់ផ្តើមគ្រលាស់ដៃចេញថា ខ្លួនមិនបាននិយាយដូច្នេះទេ ព្រោះមន្ត្រីរាជការស៊ីវិល កងទ័ពមានការអាក់អន់ចិត្ត មិនសប្បាយចិត្តនឹងការឃោសនាបោកប្រាស់របស់មេដឹកនាំបក្សសង្គ្រោះជាតិឡើយ។ កាល ដែលយកតំណែងបុណ្យស័ក្តិទៅឃោសនាគឺគ្រាន់តែយុទ្ធសាស្ត្រដ៏ល្ងង់មួយតែប៉ុណ្ណោះ។
ចាប់ឥឡូវនេះ បក្សប្រឆាំងនឹងត្រូវប្រឈមមុខជាមួយអ្នកដែលខ្លួនសន្យាឱ្យតំណែងព្រោះពួក គាត់នឹងសួរពីបញ្ហានេះក្រោយការបោះឆ្នោត។ សកម្មជនបក្ស ប្រឆាំងមួយៗសុទ្ធតែអស់លុយ ទ្រព្យសម្បត្តិមិនស្ទើរឡើយ ហើយចុងក្រោយពួកគេសង្ឃឹមថាបានតំណែង។ ចុះបើមិនបានតំណែង តើសកម្មជនទាំងនោះនឹង ក្លាយទៅជាយ៉ាងណា? បទពិសោធនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សហ្វ៊ុនស៊ិនប៉ិចទ្រនុំនយោបាយដំបូងរបស់ សម រង្ស៊ី គណបក្សរណសិរ្ស រំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ដែលជាទ្រនុំចាស់របស់ កឹម សុខា ប៉ុល ហំម និងគណបក្សម៉ូលីណាការ និងអ្នកតស៊ូខ្មែររបស់លោក ព្រហ្ម នាគរាជជាដើម បានលក់តំណែងដល់ពលរដ្ឋខ្មែរដែលចង់បានអំណាច មានគ្រប់តំណែងទាំងអស់។
ហេតុដូច្នេះហើយបានជាអ្នកតស៊ូពិតប្រាកដ ក្នុងចលនាទាំងនេះមិនទទួលបានអ្វីឡើយ ប៉ុន្តែត្រូវអ្នកផ្សេងស៊ីឈ្មោះ យកឈ្មោះ យកប្រាក់ខែខ្លួនទៀត។ ករណីនេះដូចគ្នានឹងបក្ស ប្រឆាំងដែលកំពុងតែធ្វើ បក្សនេះមានបទពិសោធច្បាស់ណាស់លើបញ្ហានេះ។ ហេតុដូច្នេះហើយបានជាមេបក្សនេះដូចជាកឹម សុខា មានលុយឡានវីឡាដីចម្ការរាប់សិបហិកតា ខណៈខ្លួនមានតួនាទីជាប្រធានអង្គការ និងជាតំណាងរាស្ត្រប៉ុណ្ណោះ។ គេនៅចាំបានថា បក្សសម រង្ស៊ី បានរើសកម្លាំងទ័ពខុសច្បាប់ ហើយលោក ជាម ច័ន្ទនី បានជាប់គុកដោយសារតែបង្កើតកម្លាំងទ័ពខុសច្បាប់នេះ។
ដូច្នេះសកម្មជនបក្សប្រឆាំងដែលទទួលការសន្យាឱ្យតំណែង នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិកុំសង្ឃឹមខ្លាំងពេក ប្រយ័ត្នបែកកម្មដ្ឋាន។ បក្សប្រឆាំងក៏គួរ ពិចារណាឱហយបានល្អិនល្អន់ដែរ កុំចេះដើរសន្យាខ្យល់ពេក សន្យាឱ្យលុយ សន្យានេះសន្យានោះបាន តែសន្យាលើការផ្តល់តំណែងក្នុងរាជការសាធារណៈ ត្រូវប្រយ័ត្នប្រយែងបន្តិច កុំបោកគេលើគោកពេក រាស្ត្រខ្មែរដឹងដែរតើ!
ដោយ៖ ចៅចាក់ស្មុក