(កំពង់ចាម)៖ ប្រជាពលរដ្ឋជិត១,០០០នាក់ មកពី២ឃុំ គឺឃុំ ខ្នុរដំបង និងគោករវៀង បានថ្លែង ប្តេជាគាំទ្រ និងបោះឆ្នោត ជូនគណបក្សប្រជាជន ព្រោះមានតែគណបក្សនេះមួយគត់ ដែរនៅក្បែរ ថែរក្សាការពារ សុខទុក្ខកូនចៅ គ្រប់ពេលវេលា ពិសេសជួយដោះស្រាយបញ្ហាគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ។
ការលើកឡើងរបស់ប្រជាជនបែបនេះ ក្នុងឱកាស នាយឧត្តមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ចុះសំណេះសំណាល ជាមួយពួកគាត់ នៅថ្ងៃទី២៦ ខែឧសភា នេះ ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋ បានថ្លែងទៀតថា ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមទាំងមេឃុំ នៅទីនេះ និងគាំទ្រគណបក្សប្រជាជននេះ ជាខ្មែរពិតៗ មិនមែនយួនទេ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នា ត្រូវសាមគ្គី និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរាជរដ្ឋាភិបាលដឹកនាំ មកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនជាតិ ពិសេសផ្តល់ឱកាសការងារច្រើនជូនប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ព្រមជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងប្រាប់ប្រជាពលរដ្ឋផងដែរថា សូមប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា
ដោយភ្ជាប់មកជាមួយនឹងឯកសារគ្រប់គ្រាន់ផង ពិសេសជួយគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដំណើរកសាង អភិវឌ្ឍន៍ប្រទេសជា កាន់តែរីកចម្រើនថែមទៀត៕