(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្រទាំងស្រុងដល់ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ ជុំវិញការទាត់ចោលសេចក្តីថ្លែងការណ៍មួយរបស់ ខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានរិះគន់ធ្ងន់ធ្ងរទៅលើមន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការព្រមានបង្រ្កាបលើជនបង្កអសន្តិសុខ ក្នុងអំឡុងពេលបោះឆ្នោត។

ការបង្ហាញជំហររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយបានហៅសេចក្តីថ្លែងការណ៍របស់ខុមហ្វ្រែល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧​ថាជាការបង្គាប់មកលើកងយោធពលខេមរភូមិន្ទ ការលាបពណ៌ និងប្រមាថមាក់ងាយដល់កិត្តិយស តួនាទី​ ព្រមទាំងភារកិច្ចរបស់កងទ័ពកម្ពុជា ដែលធ្វើឱ្យក្រសួងការពារជាតិ មិនអាចទទួលយកបានឡើយ។

លោក ឈុំ សុជាតិ ​បានបញ្ជាក់ថា ការ​លើក​ឡើង​របស់អង្គការសង្គមស៊ីវិល គឺជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​ក​ទង​ទ័ព ហើយ​ថា​សេចក្តី​ថ្លែងការណ៍​នេះ ហាក់​ដូច​ជា​មាន​ចេតនា​អ្វី​មួយ​ទៅ​ថ្ងៃ​អនាគត។ លោកថ្លែងថា កងទ័ព​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ណែ​នាំ ឬ​បង្គាប់​បញ្ជា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឡើយ ហើយ​បាន​យល់​ច្បាស់​ពី​ច្បាប់​បោះ​ឆ្នោត និង​តួនាទី​ភារកិច្ច​របស់​ខ្លួន ​ក្នុង​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ។

ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាព និងអនុសាសន៍របស់មន្រ្តីជាន់ខ្ពស់នៃ​កងយោធពលខេមរភូមិន្ទ​កន្លងមក មិនប៉ះពាល់ដល់ការបោះឆ្នោតទេ វាជាការជំរុញដល់ការការពារសន្តិសុខសម្រាប់ការបោះឆ្នោតនៅកម្ពុជា ដោយមិនឱ្យជនណាកេងយកឱកាសនេះ បង្កអសន្តិសុខ បំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ អង្គការខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យ គ.ជ.ប ព្រមានទៅលើមន្រ្តីកងយោធពលខេមរមភូមិន្ទ ដែលបានប្រកាសចាត់វិធានការលើបង្រ្កាបចំពោះ ការបង្កអសន្តិសុខសង្គម នៅអំឡុងពេលបោះឆ្នោត។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានសម្តែងការ ព្រួយបារម្ភ អំពីផលប៉ះពាល់ដល់ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំពោះសារព្រមានរបស់ មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាពេលនេះ៕

បើតាមក្រសួងការពារជាតិ មន្រ្តីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ គឺជាការតម្រង់ឆ្ពោះទៅរកអ្នកដែលព្យាយាម បំផ្លាញសន្តិភាព និងបង្កើត បដិវត្តពណ៌នៅកម្ពុជា។ លោកថ្លែងថា កងទ័ពកម្ពុជា មិនគាំទ្រចំពោះទង្វើខុសច្បាប់ឡើយ មិនមែនត្រឹមតែចំពោះកងទ័ពនោះទេ បើក្នុងករណីមានជន ទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់របស់ គ.ជ.ប ជនទាំងឡាយមានសិទ្ធិប្តឹងតវ៉ា ទៅគ្រប់ស្ថាប័នមានសមត្ថកិច្ច៕