(មណ្ឌលគិរី)៖ ដោយសារមានការខិតខំប្រឹងប្រែងស្តារ និងការអភិវឌ្ឍន៍លើវិស័យនានា ឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋគ្រប់ទិសទី បច្ចុប្បន្នបានធ្វើឲ្យបណ្តាខេត្តដែលធ្លាប់តែនៅឆ្ងាយ ពីរាជធានីដាច់អាល័យនោះ ពេលនេះហាក់បីដូចជា នៅកៀកលែងឆ្ងាយ ដូចមុនទៀតហើយ។

នា​សម័យ​អតីតកាល ​ខេត្តមណ្ឌលគិរី ​ក្នុង​ទស្ស​វត្ស​ឆ្នាំ១៩៨០​-​១៩៩០ ​ការរស់នៅ​របស់​មន្រ្តី​រាជការ ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផ្ទាល់ ​ស្ថិតនៅ​ក្នុង​សភាព​ស្ងាត់ជ្រងំ ​ស្ទើរតែ​គ្មាន​ប្រព័ន្ធ​គមនាគមន៍ ​(ផ្លូវថ្នល់) ​សម្រាប់​ធ្វើ​ចរាចរណ៍​ទៅកាន់​ទីប្រជុំជន ​និង​រាជធានី​នោះ​ឡើយ​។ ​រាល់ពេល​ធ្វើដំណើរ ​ទៅកាន់​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ​និង​រាជធានី​ភ្នំពេញ​កាលណោះ ​ភាគច្រើន​គឺ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាម ​ទម្រាំតែ​បាន​ដល់​គោល​ដៅ​ម្តង​ៗ ​គឺ​ត្រូវ​ចំណាយពេល​វេលា ​មិន​តិច​ជាង៥ទៅ៦ថ្ងៃ​។ ​ដោយសារ​កាលណោះ​មាន​អភិវឌ្ឍន៍​យឺតយ៉ាវ​បែបនេះ ​គឺ​ដោយសារ​យើង​ទើបតែ​ងើប​ពី​សង្រ្គាម ​ដែលគេ​ហៅថា ​«​សម័យ​គុក​ឥត​ជញ្ជាំង​»​។

ដោយឡែក ​ខេត្តមណ្ឌលគិរី​នា​ពេលនេះ ​ជាមួយ​ការអភិវឌ្ឍន៍​លើ​វិស័យ​នានា​កំពុង​រីក​លូតលាស់​ល្អ​ប្រសើរ ​ខុសប្លែក​ដាច់​ស្រឡះ​កាលពី​
​ពេលមុន ​ទាំង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ​មន្រ្តី​រាជការ ​និង​ការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ​និង​រាជធានី​ភ្នំពេញ​ផង ​នោះ​ត្រូវ​ចំណាយពេល​វេលា ​តែត្រឹម៥ទៅ៦ម៉ោង​ប៉ុណ្ណោះ ​ដោយសារ​មាន​ប្រព័ន្ធ​គមនាគមន៍ ​(ផ្លូវថ្នល់) ​ខ្វាត់ខ្វែង ​ពុះ​ជ្រែក​ភ្នំ ​និង​ជ្រោះ​យ៉ាង​ល្អ​ប្រណីត​ឆ្លងកាត់ ​ទៅកាន់​គ្រប់​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ ​រួម​ទាំង​រាជធានី​ភ្នំពេញ ​គ្មាន​ការ​ព្រួយបារម្ភ​។​

មណ្ឌលគិរី​នា​ពេលនេះ ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្ត​ទុកដាក់ ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេជោ ​ហ៊ុន ​សែន ​រួម​ជាមួយ​​អាជ្ញាធរ​ខេត្ត​ទាំងមូល​ផង​នោះ ​បាន​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កំពុង​បន្ត​ការអភិវឌ្ឍន៍​របស់​ខ្លួន​បោះ ​ជំហាន​ទៅមុខ​ជានិច្ច​ដើម្បី ​ធ្វើការ​​ប្រឡងប្រណាំង​ជាមួយ​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ​ប្រយោជន៍​ធ្វើឲ្យ​សង្គមជាតិ ​មានការ​រីក​ចំរើន​។

លោក ​ស្វាយ ​សំ​អ៊ា​ង ​អភិបាលខេត្ត​មណ្ឌលគិរី ​បាន​ថ្លែងប្រាប់​ឲ្យដឹង​ថា ​បើ​ទោះបី​ពេលនេះ​ខេត្តមណ្ឌលគិរី ​កំពុង​មានការ​អភិវឌ្ឍន៍​លើ​វិស័យ​នានា ​បាន​ល្អ​ប្រសើរ​ខុសគ្នា ​ដាច់​ស្រឡះ​បើ​ប្រៀបធៀប​ទៅ​កាល​ពី​ទស្ស​វត្ស​មុន​ៗ​។ ​ប៉ុន្តែ​លោក​អភិបាល ​បាន​ថ្លែង​បន្ត​ទៀត​ថា ​ក្នុងនាម​រដ្ឋបាល​សាលាខេត្ត ​នៅតែ​ស្វាគមន៍ ​និង​កៀងគរ​រក​ដៃគូ​រវិ​និ​យោគ​អភិវឌ្ឍន៍​រដ្ឋ ​និង​ឯកជន​ក្នុង ​និង​ក្រៅ​ស្រុក​បន្ថែម​ទៀត​ដែល​ជា​ដៃ​គូរ ​វិនិយោគ​ពិតប្រាកដ ​ចូលមកធ្វើការ​អភិវឌ្ឍ​នៅ​លើទឹក​ដី ​នៃ​ខេត្តមណ្ឌលគិរី​លើ​វិស័យ​ជាច្រើន ​នៅក្នុង​តំបន់​នេះ​ដើម្បី​ប្រភព​ចំណូល​សេដ្ឋកិច្ច​ជាតិ ​និង​ប្រភព​ចំណូល ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ក្នុង​តំបន់​តាមរយៈ​ការ​វិនិយោគ​អភិវឌ្ឍន៍ ​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​។

ចុងក្រោយ​លោក​អភិបាលខេត្ត​មណ្ឌលគិរី ​បាន​ថ្លែងប្រាប់​ថា ​ដើម្បី​ជួយ​សម្រួល​កន្លែង​អង្គុយ​ធ្វើការ ​របស់​មន្រ្តី​សាលាខេត្ត​មណ្ឌលគិរី ​ទាំងមូល​ឲ្យបាន​ល្អ​ប្រសើរ ​លែង​មានការ​ភ័យខ្លាច​ការ​បាក់​ស្រុត ​នៃ​អគារ​ចាស់​របស់​សាលាខេត្ត ​ដែល​បាន​បាន​សាងសង់​តាំងពី​ឆ្នាំ១៩៨៣នោះ ​ខេត្ត​បានសម្រេច​ធ្វើការ​សា​សង់​អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី ​ដែល​ពេលនេះ​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់ ​អគារ​ថ្មីនេះ ​សាងសង់​ពី​ថ្ម ​កំពស់២ជាន់​ទទឹង១៨បណ្តោយ៥៤ម៉ែត្រ​ដែល​គ្រោង​ចំណាយ​ថវិកាជាតិ ​តាម​ជំ​ហាន​ៗ ​រហូត​ទៅដល់​ប្រហាក់​ប្រហែល១លាន​ដុល្លារ ​ដែល​គ្រោង​សាងសង់​ឲ្យបាន​រួចរាល់ ​និង​ដា​ក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ចន្លោះ​ឆ្នាំ២០១៨ឆ្នាំ២០១៩ខាងមុខនេះ​។

មហាជន ​និង​មន្រ្តី​រាជការ​ទូទាំង​ខេត្តមណ្ឌលគិរី ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​លោក​អភិបាលខេត្ត​លោក ​ស្វាយ ​សំ​អ៊ា​ង ​ដែល​ឡើង​កាន់​ដំណែង​ជា​ថ្នាក់ដឹកនាំ​ខេត្ត ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​សំណង់ ​អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី​ប្រយោជន៍ ​ជួយ​សម្រួល​ដល់​មន្រ្តី​រាជការ​សម្រាប់​បម្រើការ​ងារ ​ជូន​សង្គម ​និង​ប្រជាពលរដ្ឋ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៣ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​ប្រមុខ​ដឹកនាំ​៕

អគារដ្ឋបាលសាលាខេត្តចាស់

អគារសាលាខេត្តថ្មី កំពុងសាងសង់

ផ្លូវនៅខេតរ្តមណ្ឌលគិរីពីពេលមុន

ស្ថានភាពផ្លូវនាពេលបច្ចុប្បន្ន